Bridge Bank

ធនាគារ ប្រ៊ីដ សហការ​ជាមួយ​ផ្សារទំនើប ហោសហ្គូរូ ដើម្បីផ្ដល់​ជូន​អតិថិជន​នូវ​កញ្ចប់​សេវាកម្ម​បង់ប្រាក់​ដ៏​អស្ចារ្យ!

ធនាគារ ប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជកម្មក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លើគម្រោង «ទិញពេលនេះ បង់ពេលក្រោយ» (BNPL) ដើម្បីផ្ដល់ជូនអតិថិជននូវជម្រើសទូទាត់ប្រាក់កាន់តែងាយស្រួលសម្រាប់ការបញ្ជារទិញនៅក្នុងផ្សារទំនើប ហោសហ្គូរូតាមរយៈធនាគារប្រ៊ីដ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា «តាមរយៈកិច្ចសហការ រវាងធនាគារ ប្រ៊ីដ និងផ្សារទំនើប ហោសហ្គូរូ ជាមួយសេវាទូទាត់ប្រចាំខែ គឺជាផ្នែកមួយដែលអាចពង្រីកវិសាលភាពក្នុងការផ្ដល់ជូនដល់អតិថិជនកាន់តែច្រើនជាមួយផលិតផលដ៏សម្បូរបែប និងភាពបត់បែនយ៉ាងងាយស្រួល នៅពេលអតិថិជនសម្រេចចិត្ត បញ្ជារទិញទំនិញណាមួយសម្រាប់គេហដ្ឋាន »។

លោកបានបន្ថែមទៀតថា អតិថិជនអាចជ្រើសរើសសម្ភារៈដូចជា ទូរទស្សន៍ គ្រឿងសង្ហារឹមម៉ាកល្បីៗ និងការតុបតែងគេហដ្ឋានជាមួយនឹងសេវាទូទាត់ប្រចាំខែក្នុងតម្លៃសមរម្យ។
សូមជម្រាបថា ធនាគារ ប្រ៊ីដ កំណត់គោលដៅក្នុងការបើកដំណើរការគម្រោង ទិញពេលនេះ បង់ពេលក្រោយ ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ។ សម្រាប់លក្ខខណ្ឌពេញលេញនឹងត្រូវបានប្រកាសដោយ ធនាគារ ប្រ៊ីដ៕