លក្ខខណ្ឌនៃការប្រើប្រាស់ កម្មវិធីសេវាធនាគារចល័តរបស់ធនាគារ ប៊្រីដ
ខែមេសា 21, 2023
សេចក្តីផ្តើម
លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ (“លក្ខខណ្ឌនៃការប្រើប្រាស់”) គ្រប់គ្រងលើប្រតិបត្តិការ និងការប្រើប្រាស់នូវសេវាកម្ម និង កម្មវិធី ធនាគារទូរស័ព្ទចល័តរបស់ ធនាគារ ប៊្រីដ ម.ក “ប៊្រីដ” ដែលត្រូវបានហៅថា “កម្មវិធីធនាគារចល័ត ប៊្រីដ”។ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោក-លោកស្រីនិង ធនាគារ ប៊្រីដ និងកំណត់អំពីលក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដរបស់លោក-លោកស្រី។
សូមចំណាំថា ឯកសារនេះជាឯកសារដ៏សំខាន់មួយ ដែលលោក-លោកស្រីត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់ធនាគារ ប៊្រីដ។ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ សូមទំនាក់ទំនងមក ធនាគារ ប៊្រីដ ។
តាមរយៈការចុចលើពាក្យ “យល់ព្រម” លោក-លោកស្រីបានបញ្ជាក់ថា លោក-លោកស្រីបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក និងបានយល់ព្រមនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះនោះលក្ខខណ្ឌនៃការប្រើប្រាស់ នេះត្រូវមានអានុភាព លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។
១. វិសាលភាព
លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ ធនាគារ ប៊្រីដ ដែលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។
២. និយមន័យ ដែលពាក់ព័ន្ធនឹងគណនីសន្សំ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយ ធនាគារ ប៊្រីដ នឹងនៅតែបន្តអនុវត្ត
- “ធនាគារ ប៊្រីដ” សម្តៅលើ គ្រឹះស្ថានធនាគារ ប៊្រីដ ម.ក ដែលជាធនាគារពាណិជ្ជ ទទួលប្រាក់បញ្ញើ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅ ព្រះរាជាណាចក្រកម្ពុជា។
- “បណ្តាញឌីជីថលប្រ៊ីឌ” និង “ធនាគារឌីជីថល ប្រ៊ីដ” សម្តៅលើផលិតផល និងសេវាកម្មធនាគារ ដែលមានសម្រាប់បម្រើអតិថិជន ធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិក រួមមានប៉ុន្តែមិនកំណត់ចំពោះ កម្មវិធីធនាគារចល័ត ប្រតិបត្តិការធនាគាររបស់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM Terminal) និងទីតាំងដាក់ប្រាក់ (Cash-in Terminal) ជាដើម ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។
- “គណនី” សម្តៅលើ គណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ ធនាគារ ប៊្រីដ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីជាក្រុម គណនីស្ថាប័ន និងគណនីសន្សំផ្សេងទៀតដែល ធនាគារ ប៊្រីដ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
- “គណនីឥណពន្ធចំបង” សម្តៅលើគណនីមួយដែលលោក-លោកស្រីបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោក-លោកស្រីអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចំបង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ។
- “សមតុល្យគណនី” សម្តៅលើជាសមតុល្យទឹកប្រាក់របស់លោក-លោកស្រីដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ ធនាគារ ប៊្រីដ។
- “កម្មវិធីធនាគារចល័ត ប៊្រីដ” គឺជាកម្មវិធីទូរស័ព្ទចល័តមួយ ដែលបានបង្កើតឡើងដោយ ធនាគារ ប៊្រីដ សម្រាប់ឲ្យអតិថិជនអាចទាញយកពី App Store (IOS) ឬ Play Store (Android) ឬតាមរយៈវិធីសាស្រ្តផ្សេងទៀត ដែលអាចធ្វើទៅបានទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យានៅលើពិភពលោក។ កម្មវិធីធនាគារទូរស័ព្ទចល័តនេះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងក្នុងការចុះឈ្មោះ និងប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។
- “សេវាកម្មធនាគារ ចល័ត ប៊្រីដ” គឺជាសេវាកម្មធនាគាររបស់ ធនាគារ ប៊្រីដ មួយផ្នែក ឬទាំងអស់ ដែលអាចប្រើប្រាស់បានតាមអនឡាញ និងចូលប្រើប្រាស់បានតាមរយៈកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដូចដែលបានបរិយាយនៅក្នុងប្រការទី៤ នៃកិច្ចព្រមព្រៀងនេះ។
- “កាត” គឺជាកាតឥណពន្ធរបស់ ធនាគារ ប៊្រីដ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការគណនីជាមួយការិយាល័យ ធនាគារ ប៊្រីដ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ថិ “ATM” និងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ “CDM” និងបណ្តាញផ្សេងទៀតរបស់ ធនាគារ ប៊្រីដ។ កាតនេះ ត្រូវបានចេញដោយ ធនាគារ ប៊្រីដ។
- “ចំនួនកំណត់នៃការទូទាត់ប្រាក់រហ័ស” គឺជាការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការក្នុងការទូទាត់ប្រាក់តាមរយៈ QR Code និងការផ្ទេរប្រាក់តាមរយៈ QR Code ដោយមិនចាំបាច់តម្រូវឲ្យលោក-លោកស្រីបញ្ចូលលេខសម្ងាត់សារឡើងវិញឡើយ ហើយវាជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផលរបស់ ធនាគារ ប៊្រីដ ផងដែរ។
- “ធនាគារទូរស័ព្ទចល័ត” គឺជាការប្រើប្រាស់សេវាកម្មធនាគារតាមអនឡាញនិងអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទចល័តទំនើប Tablet ឧបករណ៍វៃឆ្លាតដទៃទៀតជាដើម (តទៅនេះហៅថា “ឧបករណ៍”) ដើម្បីតាមដាន និងត្រួតពិនិត្យសមតុល្យគណនី ការផ្ទេរប្រាក់រវាងគណនីមួយទៅគណនីមួយទៀត បញ្ចូលទឹកប្រាក់ទៅក្នុងប្រព័ន្ធទូរស័ព្ទដៃ ផ្លាស់ប្តូរលេខសម្ងាត់ចូលប្រើប្រាស់កម្មវិធី និងបង់ថ្លៃវិក្កយបត្រទឹក ភ្លើង ឬ វិក្កយបត្រផ្សេងទៀតជាដើម។
- “ព័ត៌មានសុវត្ថិភាព” គឺជាលេខសម្គាល់អ្នកប្រើប្រាស់ ឬឈ្មោះសម្គាល់អ្នកប្រើប្រាស់ ឬលេខសម្ងាត់ ឬលេខកូដបញ្ជាក់ផ្សេងៗទៀតនៃកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី។ វាត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់ពីកម្មសិទ្ធិភាពក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដែលសារសុវត្ថិភាពនេះ រួមមានទាំងលេខកូដសម្ងាត់ប្រើបានតែម្តងផងដែរ។
- “អូធីភី (OTP)” សម្តៅលើលេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រីដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
- “លេខសម្គាល់ខ្លួន ឬលេខសម្ងាត់” សម្តៅលើលេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ និង/ឬ ផ្តល់សិទ្ធិជូនលោក-លោកស្រី ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
- “យើង របស់យើង (We, us, ours)” សម្តៅលើជា ធនាគារ ប៊្រីដ ម.ក។
- “លោក-លោកស្រី” និង “របស់លោក-លោកស្រី” មានន័យថាជាអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ។“ឧបករណ៍កំណត់អត្តសញ្ញាណជីវមាត្រ” និង “ជីវមាត្រ” សម្តៅទៅលើស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ (ដែលគេស្គាល់ថាជា Face ID) និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនដើម្បីអាចចូលប្រើប្រាស់ឧបករណ៍ចល័ត និង ចូលទៅកាន់កម្មវិធីជាក់លាក់ណាមួយ រួមទាំងកម្មវិធីធនាគារចល័ត ប្រ៊ីដ ដែលបានតម្លើងរួចផងដែរ។
- “លេខ CIF” និង “លេខ CID” សម្តៅលើលេខអត្តសញ្ញាណអតិថិជនតែមួយគត់ដែលប្រើក្នុងប្រព័ន្ធរបស់ធនាគារ ប៊្រីដ ដែលលោក-លោកស្រីទទួលបានក្នុងអំឡុងពេលបើកគណនី ជាមួយធនាគារ ប្រ៊ីដ ។
- “ខ្លឹមសារ Content” សម្តៅលើព័ត៌មាន រូបភាព តំណភ្ជាប់ សំឡេង ក្រាហ្វិក វីដេអូ កម្មវិធី ឬសម្ភារៈផ្សេងទៀត រួមទាំងការដកស្រង់ ព័ត៌មាន និងទិន្នន័យស្រាវជ្រាវ ដែលបង្កើតបានតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ និង/ឬបោះពុម្ពផ្សាយដោយធនាគារ ប្រ៊ីដ ដែលទាក់ទងនឹងសេវាធនាគារឌីជីថល។
- “វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់” និង “វិញ្ញាបនបត្រឌីជីថលប្រាក់បញ្ញើមានកាលកំណត់” សម្តៅលើឯកសារអេឡិចត្រូនិកនៃព័ត៌មានលម្អិតអំពីគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីដែលបានបើកតាមរយៈ កម្មវិធី ធនាគារចល័ត ប្រ៊ីដ ឬនៅតាមសាខារបស់ធនាគារ។
- “របាយការណ៍អេឡិចត្រូនិក (E-Statement)” “របាយការណ៍” និង “របាយការណ៍ធនាគារ” សម្តៅលើរបាយការណ៍រួម និង បញ្ជីនៃរបាយការណ៍ធនាគារដែលបង្ហាញពីកំណត់ត្រាក្នុង ធនាគារ ប្រ៊ីដ សម្រាប់រយៈពេលជាក់លាក់ទៅលើគណនីរបស់អតិថិជន សម្រាប់ការមើល និង/ឬ ទាញយកតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ។ របាយការណ៍អេឡិចត្រូនិកគឺសម្រាប់តែប្រើប្រាស់ក្នុងគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។
- “គណនីតាមទូរស័ព្ទ” សម្តៅលើគណនីធនាគារ ប្រ៊ីដ ណាមួយរបស់លោក-លោកស្រី ដោយមិនគិតពីប្រភេទនៃគណនីដែលលោក-លោកស្រីបានបើកតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ឬបណ្តាញធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀត។
- “ឧបករណ៍ដែលត្រូវបានកែប្រែប្រតិបត្តិការដើម Jailbreak” ឬ “Root device” សម្តៅលើស្មាតហ្វូន ឬឧបករណ៍ចល័តផ្សេងទៀត ដែលកម្មវិធី ឬវេទិកាប្រតិបត្តិការរបស់ឧបករណ៍ដើមត្រូវបានកែប្រែ ដើម្បីលុបការរឹតបន្តឹងដែលដាក់ដោយក្រុមហ៊ុនផលិត ឬប្រតិបត្តិកររបស់ឧបករណ៍ ដើម្បីអនុញ្ញាតឱ្យតម្លើងកម្មវិធីដែលមិនមានការអនុញ្ញាតណាមួយ។
- “ប្រតិបត្តិករបណ្តាញទូរស័ព្ទ Mobile Operator” សម្តៅទៅលើប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលពាក់ព័ន្ទ។
- “ការជូនដំណឹង” សម្តៅលើ និងរួមបញ្ចូលការផ្ញើសារ SMS និងការជូនដំណឹង (Push Notification) ក្នុងកម្មវិធី (in-app) ដែលបានផ្ញើទៅលោក-លោកស្រីក្នុងឱកាសផ្សេងៗ ទាក់ទងនឹងប្រតិបត្តិការធនាគារ ឬការជូនដំណឹងរដ្ឋបាល ព្រមទាំងការជូនដំណឹងផ្សេងទៀតដែលផ្ញើឡើងដោយធនាគារ។
- “ការទូទាត់” សម្តៅលើប្រតិបត្តិការទូទាត់ណាមួយដែលធ្វើឡើងដោយលោក-លោកស្រីតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ដើម្បីទូទាត់ទៅឱ្យអ្នកផ្តល់សេវា អ្នកចេញវិក្កយបត្រ និងអ្នកលក់ ដែលប្រត្តិបត្តិការទាំងនោះនឹងដកសមតុល្យគណនីរបស់លោក-លោកស្រី។ ឧទាហរណ៍ ការទូទាត់ទៅឱ្យអ្នកផ្តល់សេវាអគ្គិសនីរបស់អ្នកជាដើម។
- “ព័ត៌មានផ្ទាល់ខ្លួន” សម្តៅលើព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយលោក-លោកស្រី ដល់ ធនាគារ ប្រ៊ីដ រួមទាំងប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះពេញ លេខអត្តសញ្ញាណប័ណ្ណ (NID ឬ លិខិតឆ្លងដែន) ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋាន ។ល។
- “ដៃគូសហការបស់ធនាគារ ប្រ៊ីដ” សម្តៅទៅលើនីតិបុគ្គលដែលមានអាជ្ញាបណ្ណស្របច្បាប់ចេញពីក្រសួង រដ្ឋាភិបាល ដែលមានសិទ្ធិក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុ ឬ មិនមែនហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ធនាគារ ប្រ៊ីដ ទាក់ទងនឹងកិច្ចសហការទំនាក់ទំនងអាជីវកម្មសម្រាប់ការប្រមូលការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់រវាងទ្វេភាគី និង អន្តរប្រតិបត្តិការក្រោមការរៀបចំណាមួយ តាមផ្លូវច្បាប់។
- “ស្កេន QR” ឬ “ស្កេនទូទាត់” សម្តៅលើប្រតិបត្តិការស្កេនកូដ QR ណាមួយដែលបានបើកដំណើរការតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេន និងបង់ប្រាក់នៅចំណុចបណ្តាញលក់ BRIDGE PAY ឬនៅតាមបណ្តាញទូទាត់ផ្សេងទៀតរបស់ ធនាគារ ប្រ៊ីដ ដើម្បីដំណើរការប្រតិបត្តិការច្រើនប្រភេទ រួមមានប៉ុន្តែមិនកំណត់ចំពោះការទូទាត់វិក្កយបត្រ ការទិញ និងការប្រាក់។.
- “ការផ្ទេរប្រាក់” និង “ការផ្ទេរមូនិធិ” សម្តៅលើការផ្ទេរមូលនិធិណាមួយដែល ធនាគារ ប្រ៊ីដ បានក្លាយជាធនាគារផ្ញើ ឬទទួលជំនួសលោក-លោកស្រី លើការបញ្ជូនមូលនិធិណាមួយដែលធ្វើឡើងទៅ/ពីលោក-លោកស្រី ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការផ្ទេរប្រាក់ក្នុងធនាគារ ការផ្ទេរប្រាក់អន្តរធនាគារ (ឆ្លងធនាគារ) និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ។ ល។
- “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សម្តៅលើកំណត់ត្រាហិរញ្ញវត្ថុ ឬប្រតិបត្តិការដែលធ្វើឡើងដោយអ្នក ឬបុគ្គលណាម្នាក់ដែលអះអាងថាជាអ្នក ឬបុគ្គលណាម្នាក់ដែលធ្វើសកម្មភាពជំនួសលោក-លោកស្រី ដោយមានឬគ្មានការយល់ព្រមរបស់អ្នក រួមទាំងប៉ុន្តែមិនកំណត់ចំពោះវិក្កយបត្រ ការទូទាត់ បញ្ចូលលុយតាមទូរសព្ទ ការទិញ ផ្ទេរប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត ។ល។
- “ប្រវត្តិប្រតិបត្តិការ” និង “កំណត់ត្រាប្រតិបត្តិការ” សម្តៅលើកំណត់ត្រានៃប្រតិបត្តិការទាំងអស់ដែលបានអនុវត្តនៅក្នុងគណនីធនាគារ ប្រ៊ដី របស់លោក-លោកស្រីក្នុងរយៈពេលជាក់លាក់មួយ។
- “ឈ្មោះអ្នកប្រើប្រាស់ Username” សម្តៅលើការកំណត់អត្តសញ្ញាណរបស់អ្នកសម្រាប់ការចូលប្រើកម្មវិធីធនាគារចល័ត ប្រ៊ីដ។
- “កាតនិម្មិត Virtual Card” សម្តៅលើកាតដែលបានចេញ ជារូបភាពលើអេក្រង់ តាមរយៈកម្មវិធីធនាគារចល័តប្រ៊ីដ។
- “ពាណិជ្ជករ” និង “ចំណុចលក់” សម្តៅលើចំណុចនៃការលក់ដែលអាចអនុវត្តបាន រួមទាំងអាជីវករក្នុងហាង និងតាមអ៊ីនធើណែតទទួលយកការទូទាត់សម្រាប់ទំនិញ និង/ឬសេវាកម្មដែលលោក-លោកស្រីបានបង់ប្រាក់ដោយប្រើកម្មវិធីធនាគារ ចល័ត ប្រ៊ីដ ឬកាតរបស់អ្នក។
- “ការសម្គាល់អត្តសញ្ញាណអតិថិជន” ឬ “KYC” សម្តៅលើដំណើរការ និងតម្រូវការដែលកំណត់ដោយ ធនាគារ ប្រ៊ីដ ដើម្បីបំពេញ និងប្រតិបត្តិតាមប្រព័ន្ធឌីជីថល និង រូបវន្ត និងនៅពេលដែល ធនាគារ ប្រ៊ីដ បង្កើតទំនាក់ទំនងណាមួយជាមួយអតិថិជន។
- “ការធ្វើការសម្គាល់អត្តសញ្ញាណអតិថិជនពេញលេញ” សម្តៅលើលើគណនី និងអតិថិជនដែលបានអនុវត្តតាម និងបំពេញតម្រូវការ សម្គាល់អតិថិជន របស់ ធនាគារ ប្រ៊ីដ យ៉ាងពេញលេញ។ គណនី និងអតិថិជនអាចចូលដំណើរការប្រតិបត្តិការធនាគារណាមួយដែលអនុញ្ញាតដោយ ធនាគារ ប្រ៊ីដ ដោយយោងទៅតាមផលិតផល និងសេវាកម្មរបស់ធនាគារ។
- “ការធ្វើការសម្គាល់អត្តសញ្ញាណអតិថិជនដោយផ្នែក” សម្តៅទៅលើគណនី និងអតិថិជនដែលបានបំពេញដោយផ្នែកនូវតម្រូវការ សម្គាល់អតិថិជន របស់ ធនាគារ ប្រ៊ីដ អំឡុងពេលធ្វើប្រតិបត្តិការជាមួយ ធនាគារ ប្រ៊ីដ ។ គណនី និងអតិថិជនត្រូវបានអនុញ្ញាតឱ្យចូលប្រើដោយមានដែនកំណត់លើប្រតិបត្តិការធនាគារ និងកម្រិតជាក់លាក់នៃចំនួនទឹកប្រាក់ចំពោះប្រតិបត្តិការធនាគាររបស់លោក-លោកស្រី។
៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ
៣.១. អតិថិជនទាំងអតិថិជនមានចាស់ និងអតិថិជនថ្មីត្រូវតម្លើងកម្មវិធីធនាគារចល័ត ប៊្រីដ ដែលអាចទាញយកបានពី App Store (IOS) ឬ Play Store (Android) ឬវិធីសាស្រ្តផ្សេងទៀតតាមរយៈបច្ចេកវិទ្យា ទៅក្នុងឧបករណ៍ ឬ ស្មាតហ្វូន របស់អតិថិជន។
៤. ថ្លៃសេវាកម្ម
៤.១ ថ្លៃសេវានឹងត្រូវបានគិត នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មដែលមាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខណៈនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ប៊្រីដ។ លោក-លោកស្រីអាចស្វែងរកថ្លៃសេវាកម្មនៃផលិតផល និង/ឬ សេវាកម្មជាក់លាក់ណាមួយបាននៅតាមសាខានានារបស់ ធនាគារ ប៊្រីដ ឬ តាមរយៈគេហទំព័រ ឬទម្រង់ផ្សេងទៀតដែលត្រូវបានផ្សព្វផ្សាយដោយធនាគារ ប្រ៊ីដ ។
៤.២ ធនាគារ ប៊្រីដ អាចនឹងយកថ្លៃសេវាកម្ម លើការប្រើប្រាស់នៃកម្មវិធីធនាគារ ចល័ត ប៊្រីដ ពីពេលមួយទៅពេលមួយទៀតដោយរួមមាន និង មិនកំណត់ចំពោះ ថ្លៃសេវារដ្ឋបាល និងថ្លៃសេវាប្រតិបត្តិការជាដើម។ ព័ត៌មានលម្អិតអំពីថ្លៃសេវានេះនឹងមានបង្ហាញនៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ។ លោក-លោកស្រីយល់ព្រមបង់ថ្លៃសេវា និងផ្តល់សិទ្ធិឲ្យ ធនាគារ ប៊្រីដ ធ្វើការកាត់ថ្លៃសេវាផ្សេងៗដែលអាចមាន ដោយផ្ទាល់ពីគណនីរបស់លោក-លោកស្រី។
៤.៣ លោក-លោកស្រីត្រូវទទួលបន្ទុកលើថ្លៃសេវានៃការប្រើប្រាស់អ៊ីនធើណែត ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត សម្រាប់ប្រតិបត្តិការមួយចំនួន រួមមាន និង មិនកំណត់ចំពោះ ការទាញយក ការតម្លើង Version និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ។ ការគិតតម្លៃសេវាចំពោះការប្រើប្រាស់អ៊ីនធើណែតដូចដែលបានលើកឡើងខាងលើនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវដោយផ្ទាល់ ហើយលោក-លោកស្រីអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលលោក-លោកស្រីបានប្រើប្រាស់សេវាអ៊ីនធើណែត ដើម្បីយល់ដឹងអំពីថ្លៃសេវាកម្មនៃការប្រើប្រាស់អ៊ិនធើណិតនោះ។
៥. ការទូទាត់ការប្រាក់ និងកាតព្វកិច្ចពន្ធ
៥.១ ធនាគារ ប៊្រីដ នឹងមិនធ្វើការផ្តល់ការប្រាក់ សម្រាប់ការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ ឡើយ។ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។
៥.២ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវលើកាតព្វកិច្ចពន្ធណាមួយដែលកើតឡើងពីការធ្វើប្រតិបត្តិការ ឬ ពន្ធដែលអាចត្រូវអនុវត្តលើលោក-លោកស្រីនាពេលអនាគតឡើយ។
៦. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ
៦.១ ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំរិតចំនួនប្រតិបត្តិការពីពេលមួយទៅពេលមួយទៀត ដោយពុំចាំបាច់ជូនដំណឹងដល់អតិថិជនជាមុន។
៦.២ ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវបានកំណត់សម្រាប់គ្រប់ប្រភេទប្រតិបត្តិការនីមួយៗ ហើយមានផ្តល់ជូនតាមរយៈបណ្តាញផ្សេងៗដែល ធនាគារ ប៊្រីដ អាចផ្តល់ជូនអតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា ធនាគារ ប៊្រីដ ជាដើម។
៦.៣ ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និងចំនួនទឹកប្រាក់ប្រតិបត្តិការ អាចត្រូវបានអនុញ្ញាតឱ្យកែប្រែដោយអតិថិជនពីពេលមួយទៅពេលមួយតាមរយៈធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬបានតាមរយៈការស្នើសុំដោយអតិថិជន និងកែសម្រួលដោយបុគ្គលិករបស់ ធនាគារ ប្រ៊ីដ។ តម្លៃនៃការកែប្រែណាមួយអាចត្រូវបានអនុវត្តដោយយោងទៅតាមគោលការណ៍នៃកម្រៃសេវារបស់ធនាគារ ប្រ៊ីដ។
៧. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់
៧.១ លោក-លោកស្រីតម្រូវឲ្យបញ្ចូល លេខសម្ងាត់ (Login Credentials) រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ។
៧.២ លោក-លោកស្រី នឹងត្រូវបានតម្រូវឱ្យបញ្ចូល អូធីភី (OTP) សម្រាប់ការចូលឧបករណ៍ផ្សេងៗគ្នា ដើម្បីចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ ដោយប្រើនូវព័ត៌មានសម្ងាត់របស់អ្នក (Credential) និងពាក្យសម្ងាត់ចូលរបស់អ្នក។ អូធីភី (OTP) នឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់លោក-លោកស្រី តែប៉ុណ្ណោះ។
៧.៣ ធនាគារ ប្រ៊ីដ អាចអនុញ្ញាតឱ្យលោក-លោកស្រី ចូលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ ធនាគារ ប៊្រីដ របស់លោក-លោកស្រី នៅលើឧបករណ៍ផ្សេងទៀត ក្រៅឧបករណ៍ដំបូងរបស់លោក-លោកស្រី ដែលធ្លាប់ប្រើដើម្បីចូល កម្មវិធីធនាគារចល័ត ប៊្រីដ ធនាគារ ប៊្រីដ។ ទោះជាយ៉ាងណាក៏ដោយ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាព័ត៌មាន Login PIN និងលេខសម្ងាត់របស់លោក-លោកស្រី ឱ្យមានសុវត្ថិភាព និងឯកជនសម្រាប់តែខ្លួនលោក-លោកស្រី ប៉ុណ្ណោះ ហើយចៀសវាងការចែករំលែករាល់ព័ត៌មានទាំងនោះជាមួយអ្នកដទៃ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាជិកគ្រួសារ មិត្តភក្តិ សមត្ថកិច្ច បុគ្គលិកធនាគារជាដើម ។ល។
៧.៤ ធនាគារ ប្រ៊ីដ អាចនឹង ប៉ុន្តែមិនតម្រូវនោះឡើយ ទៅលើ ការបដិសេធ និង/ឬដាក់កម្រិតការចូលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប្រ៊ីដ ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍នេះមិនមានភាពជាក់លាក់ ដោយរួមទាំងប៉ុន្តែមិនកំណត់ទៅលើ ឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted) ឬ ឧបករណ៍ដែលtត្រូវបានកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken) ក្នុងករណីនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះការបាត់បង់ផ្ទាល់ខ្លូន និង/ឬ ការខូចខាតដែលកើតឡើងដែលជាលទ្ធផលនៃការប្រើប្រាស់ឧបករណ៍បែបនេះដើម្បីចូលទៅកាន់កម្មវិធីធនាគារចល័ត ប្រ៊ីដ។ ការចូលប្រើប្រាស់នូវ កម្មវិធីធនាគារចល័ត ប្រ៊ីដ នឹងត្រូវបានដាក់កម្រិតផងដែរ ប្រសិនបើឧបករណ៍របស់លោក-លោកស្រីត្រូវបានផលិតនៅប្រទេសជាក់លាក់ណាមួយដែលប្រព័ន្ធប្រតិបត្តិការ មិនសមស្រប ឬអនុលោមតាមស្តង់ដារអន្តរជាតិ ស្តង់ដារបច្ចេកទេស ឬ សុវត្ថិភាពរបស់ធនាគារ ប្រ៊ដី។
៧.៥ ធនាគារ ប៊្រីដ អាចបន្ថែម ឬបិទមុខងារណាមួយ ឬបិទប្រតិបត្តិការណាមួយនៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ ធនាគារ ប៊្រីដ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ ធនាគារ ប៊្រីដ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។
៧.៦ លោក-លោកស្រីមិនអាចចូលមើលព័ត៌មានគណនីរបស់លោក-លោកស្រី ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណែតទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីមានបញ្ហា។ ធនាគារ ប៊្រីដ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និងបច្ចេកវិទ្យានានារបស់ខ្លួន និងដៃគូទូរគមនាគមន៍ និងបណ្តាញទូរស័ព្ទដែលឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ មិនអាចដំណើរការបានគ្រប់ពេលវេលា។
៧.៧ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ ក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី ធនាគារ ប៊្រីដ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណែត។
៧.៨ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការមិនអាចចូលដំណើរការបាន ឬការរំខានរបស់ កម្មវិធីធនាគារចល័ត ប៊្រីដ នៅលើឧបករណ៍ណាមួយដែលកំណែប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ចាស់ពេក ឬមិនបានធ្វើបច្ចុប្បន្នភាព និងទាបជាងកំណែដំបូង (Version) ដែលគាំទ្រដោយការសរសេរកូដ និងកម្មវិធីរបស់ កម្មវិធីធនាគារចល័ត ប៊្រីដ ឡើយ។
៧.៩ លោក-លោកស្រីយល់ព្រមថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលកើតឡើងដោយអ្នក នៅពេលដែលសេវាកម្មមិនដំណើរការជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវាកម្មវិធីធនាគារចល័ត ប៊្រីដ មិនដំណើរការក្នុងលក្ខណៈធម្មតា ឬ មិនសមនឹងចិត្ត បើទោះជាវាបង្កឡើងដោយរបៀបណាមួយក៏ដោយ
៨. មុខងារ និង ការធ្វើបច្ចុប្បន្នភាព
៨.១ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិធ្វើឲ្យប្រព័ន្ធមានភាពប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់កម្មវិធីធនាគារចល័ត ប៊្រីដ ពីពេលមួយទៅពេលមួយទៀត ហើយធនាគារ ប៊្រីដ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត ប៊្រីដ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីធនាគារចល័ត ប៊្រីដ។ លោក-លោកស្រីគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវកម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។ អ្នកប្រើប្រាស់អាចតម្រូវឲ្យធ្វើបច្ចុប្បន្នភាពកំណែចុងក្រោយបង្អស់នៃកម្មវិធីធនាគារចល័ត ប៊្រីដ គ្រប់ពេលវេលា ក្នុងគោលបំណងដើម្បីទទួលបាននូវសុវត្ថិភាព ភាពត្រូវរូវគ្នា ឬមូលហេតុផ្សេងទៀតដែល ធនាគារ ប៊្រីដ កំណត់ ដើម្បីការពារនូវការខាតបង់ ឬបញ្ហាណាមួយដែលអាចកើតឡើងជាយថាហេតុ។
៨.២ ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រី មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ វាអាចនឹងធ្វើឲ្យកម្មវិធីធនាគារចល័ត ប៊្រីដ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។
៩. ការការពារ និងការបង្ការហានិភ័យទូទៅ
៩.១ លោក-លោកស្រីត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដែលបានប្រើប្រាស់ព័ត៌មានសុវត្ថិភាព និងលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី។
៩.២ គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោក-លោកស្រីគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោក-លោកស្រី ដូច្នេះលោក-លោកស្រីគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖
- មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។
- ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី នៅលើឧបករណ៍ទូរស័ព្ទរបស់អ្នកដទៃឡើយ។ ប្រសិនបើលោក-លោកស្រីបានធ្វើដូច្នេះ លោក-លោកស្រីត្រូវប្រាកដថា លោក-លោកស្រីបាន ចាកចេញ (sign out) និងលុបចោលនូវការចូល (Login) ប្រតិបត្តិការរបស់លោក-លោកស្រីលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោក-លោកស្រីមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោក-លោកស្រីឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោក-លោកស្រីតាមរយៈឧបករណ៍/ទូរស័ព្ទរបស់តតិយជនណាម្នាក់ ឡើយ។
- ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវលក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍ ឬចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឡើយ។
- លោក-លោកស្រីមិនត្រូវចែករំលែកលេខកូដសម្ងាត់របស់ខ្លួន (PIN) ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខកូដ ៦ ខ្ទង់ អូធីភី (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទៅ អ្នកដទៃឡើយ រួមទាំងគ្រួសារ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាក្នុងហេតុផលណាក៏ដោយ។
- លោក-លោកស្រី មិនត្រូវកត់ត្រាលេខកូដសម្ងាត់របស់ខ្លួន (PIN) លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ ប៉ុន្តែចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ ក៏ដូចជារក្សាទុកព័ត៌មានទាំងនោះជាឯកជនទាំងស្រុងសម្រាប់ខ្លួនលោក-លោកស្រីតែប៉ុណ្ណោះ។។
- សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោក-លោកស្រីចោល ក្នុងពេលដែលលោក-លោកស្រីកំពុងបើកចូលប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។
- លោក-លោកស្រីត្រូវធានាថាលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី រួមមានលេខកូដសម្ងាត់របស់ខ្លួន (PIN) ចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ នៅតែបន្តជាលេខសម្ងាត់សម្រាប់តែលោក-លោកស្រីម្នាក់គត់ ហើយលោក-លោកស្រីត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញដល់អ្នកដទៃឡើយ។
- លោក-លោកស្រីត្រូវការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី មិនឱ្យអ្នកដទៃមើលឃើញ ឡើយ នូវគ្រប់ពេលដែលលោក-លោកស្រីលោក-លោកស្រីចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ និងគណនីរបស់លោក-លោកស្រី។
- ត្រូវចៀសវាងមិនឱ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឡើយ។
- មិនត្រូវអើពើចំពោះគ្រប់ការហៅចូល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនខល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
- សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័តក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត ធនាគារ ប៊្រីដ ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។
៩.៣ ធនាគារ ប៊្រីដ នៅតែបន្ត ប៉ុន្តែមិនមែនជាកាតព្វកិច្ចនោះឡើយ ក្នុងការស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោក-លោកស្រី បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោក-លោកស្រីពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។
៩.៤ ការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រីអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ ធនាគារ ប៊្រីដ បានរកឃើញ ឬសង្ស័យថា មានសកម្មភាពមិនប្រក្រតី ដែលជាបង្កមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី ក្នុងពេលដែល ធនាគារ ប៊្រីដ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។
៩.៥ លោក-លោកស្រីត្រូវជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖
- លេខសម្ងាត់ របស់លោក-លោកស្រីត្រូវបានគេដឹង ឬលោក-លោកស្រីមានអារម្មណ៍ថាមានគេបានដឹងអំពីលេខសម្ងាត់នោះ។
- ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោក-លោកស្រីបានបាត់ ឬត្រូវគេលួច។
- លោក-លោកស្រីមានការសង្ស័យ ឬបានដឹងថាមានការប្រើប្រាស់ព័ត៌មានគណនីរបស់លោក-លោកស្រី ដើម្បីចូលទៅប្រើ កម្មវិធីធនាគារចល័ត ប៊្រីដ ដោយមិនមានការអនុញ្ញាតពីលោក-លោកស្រី។
- លោក-លោកស្រីសម្គាល់ឃើញថា នៅពេលដែលលោក-លោកស្រីកំពុងចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវបានតម្រូវឲ្យបញ្ចូលអូធីភី (OTP) ម្តងទៀង ឬបានទទួល លេខកូដ ៦ ខ្ទង់ដោយមិនមានការដឹងឭអំពីលោក-លោកស្រី។ ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី ជាដើម។
- លោក-លោកស្រីកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី នៅពេលលោក-លោកស្រីបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី។
៩.៦ ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍ ដែលបានចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់ផ្សេងៗ (Setting) à រួចចូលទៅកាន់ឧបករណ៍ (Devices)] ហើយត្រូវលុបឧបករណ៍ដែលលោក-លោកស្រីមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោក-លោកស្រីឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ឬ ១៨០០ ២០២ ៩៩៩ ។
៩.៧ នៅពេលដែលលោក-លោកស្រីលក់ទូរស័ព្ទ ឬ ឧបករណ៍ លោក-លោកស្រីត្រូវលុប ឬចាកចេញ (Log Out) អំពីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោក-លោកស្រីមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។
១០. លេខសម្ងាត់សុវត្ថិភាព
១០.១ ដើម្បីប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងលេខសម្ងាត់ ៦ ខ្ទង់នៅពេលដែលលោក-លោកស្រីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។
១០.២ ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង និងចាប់ផ្តើមប្រើកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខកូន ៦ ខ្ទង់ អូធីភី (OTP) ហើយលោក-លោកស្រីត្រូវកំណត់លេខសម្ងាត់សុវត្ថិភាព ៦ ខ្ទង់ ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោក-លោកស្រី ។
១០.៣ លោក-លោកស្រីមិនត្រូវជ្រើសរើសលេខសម្ងាត់ ៦ ខ្ទង់ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដូចជា៖
- ថ្ងៃខែឆ្នាំកំណើត
- លេខដូចគ្នា (ឧទាហរណ៍៖ ៨៨៨៨៨៨)
- លេខរៀង (ឧទារហរណ៍៖ ១២៣៤៥៦)
- លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោក-លោកស្រី
- ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ឧទាហរណ៍៖លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន លេខសម្គាល់បុគ្កលិក ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)។
១០.៤ លោក-លោកស្រីគួរពិចារណាប្រើប្រាស់លេខសម្ងាត់កម្មវិធីធនាគារ ចល័ត ប៊្រីដ របស់លោក-លោកស្រីឱ្យខុសអំពីលេខ ពីលេខសម្ងាត់ កាតរបស់លោក-លោកស្រី។ យើងសូមណែនាំឲ្យលោក-លោកស្រីប្រើប្រាស់លេខសម្ងាត់ (PIN) ៦ ខ្ទង់ផ្សេងទៀតដើម្បីតម្លើង និងចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ហើយត្រូវធ្វើការផ្លាស់ប្តូរ នូវលេខសម្ងាត់ ៦ ខ្ទង់ថ្មី ឲ្យបានទៀងទាត់។
១០.៥ ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជីវមាត្រ៖ទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រី មានប្រព័ន្ធេមុខងារសម្គាល់ជីវមាត្រ ដូចជា ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ អាចអនុញ្ញាតឲ្យលោក-លោកស្រីធ្វើការបើកដំណើរការ និង ប្រើប្រាស់មុខងារនេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់នូវ នៅពេលដែលលោក-លោកស្រីចូលទៅប្រើប្រាស់ និង/ឬ អនុញ្ញាតប្រតិបត្តិការ ដោយផ្អែកតាមកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការអតិបរិមាដែលកំណត់ដោយធនាគារនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ។ កម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ មិនរក្សា និងមិនប្រមូលទិន្នន័យសម្គាល់ជីវមាត្រដែលមាននៅក្នុងឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រីឡើយ ទិន្នន័យជីវមាត្ររបស់លោក-លោកស្រីគឺត្រូវបានរក្សាទុកតែក្នុងទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រីតែប៉ុណ្ណោះ។
១០.៦ ការកំណត់ជីវមាត្រ៖ ប្រសិនបើលោកអ្នកដំណើរការ ឬប្រើប្រាស់ការសម្គាល់ជីវមាត្រ ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវធានាថាឧបករណ៍/ទូរស័ព្ទ ដែលលោក-លោកស្រីប្រើប្រាស់ចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដមិនមានរក្សាទុក ឬកំណត់យកការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) របស់អ្នកដទៃ ក្រៅពីរបស់លោក-លោកស្រីឡើយ បើពុំដូច្នោះទេ លោក-លោកស្រីនឹងបំពានលើលក្ខខណ្ឌប្រើប្រាស់នេះ។ ការធ្វើបែបនេះ លោក-លោកស្រីទទួលស្គាល់ថា បុគ្គលនេះអាចនឹងចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ដើម្បីមើលទិន្នន័យ ឬដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាទទួលបានការអនុញ្ញាត និងការយល់ព្រមពីលោក-លោកស្រី។ ការបាត់បង់ផ្នែកហិរញ្ញវត្ថុណាមួយកើតចេញពីសកម្មភាពទាំងនេះ គឺលោក-លោកស្រីត្រូវទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការបាត់បង់នេះ។ តាមរយៈការចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដោយប្រើជីវមាត្រ លោក-លោកស្រីនឹងត្រូវបានផ្តល់នូវជម្រើសសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយប្រើការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) ក្នុងពេលធ្វើការអនុញ្ញាតប្រតិបត្តិការហិរញ្ញវត្ថុនីមួយៗផងដែរ។
១១. ការទទួលស្គាល់របស់អ្នកប្រើប្រាស់
១១.១ លោក-លោកស្រីទទួលស្គាល់ និងយល់ព្រមថាការប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ មានទំនាក់ទំនងគ្នាជាមួយគណនីធនាគារ ប្រ៊ីដ របស់អ្នកទាំងអស់ដែលអ្នកមានជាមួយធនាគារ ហើយលក្ខខណ្ឌទាំងអស់ដែលមានចែងនៅទីនេះ ប៉ុន្តែមិនត្រូវបានបញ្ជាក់នៅក្នុងលក្ខខណ្ឌនៃគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានអនុវត្តចំពោះ អ្នកផងដែរ។
១១.២ លោក-លោកស្រីទទួលស្គាល់ថា កម្មវិធីធនាគារចល័ត ប៊្រីដ និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតត្រូវបានបង្កើតឡើង និងដំណើរការក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារដោយមានភាពរលូន និងគ្មានការរអាក់រអួលតាមរយៈរបៀបអេឡិចត្រូនិច ហើយលោក-លោកស្រីក៏ទទូលស្គាល់ផងដែរថា ធនាគារ ឬប្រព័ន្ធរបស់ធនាគារអាចជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួន នៅក្រោមកាលៈទេសៈជាក់លាក់ណាមួយ ឬកំហុសកើតឡើងដោយបុគ្គល ដែលកើតឡើងដោយអតិថិជនដ៏ទៃ ឬបុគ្គលិកធនាគារ ប្រ៊ីដ ដែលអាចធ្វើឱ្យគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានបញ្ចូល/ទទួលបានចំនួនទឹកប្រាក់ជាក់លាក់ណាមួយ។ ក្នុងករណីនេះ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទប់ស្កាត់ (ប្លុក) និង កាត់ចេញនូវទឹកប្រាក់ក្នុងគណនីរបស់លោក/លោកស្រី ដើម្បីប្រមូលនូវចំនួនទឹកប្រាក់នោះមកវិញ។ ក្នុងករណីណាមួយ ចំនួនទឹកប្រាក់ត្រូវបានដកដោយលោក-លោកស្រី និង/ឬជនណាផ្សេងទៀតដោយប្រើព័ត៌មានសម្ងាត់សុវត្ថិភាពរបស់អ្នក ឬវិធីសាស្រ្តផ្សេងទៀតដែលបានអនុវត្តក្រោមការអនុញ្ញាតរបស់លោក-លោកស្រី លោក-លោកស្រីយល់ព្រម ទទួលខុសត្រូវក្នុងការសងប្រាក់មកធនាគារវិញ លើកលែងតែមានករណីផ្សេងទៀត ដែលអាចបញ្ជាក់ដោយសមហេតុផលថា លោក-លោកស្រីគឺជាអ្នកមានសិទ្ធិទទួលផលស្របច្បាប់នៃទឹកប្រាក់នោះ
១១.៣ នៅពេលដែលលោក-លោកស្រីចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោក-លោកស្រីធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោក-លោកស្រីបានធ្វើ។ លោក-លោកស្រីយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោក-លោកស្រីបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី លោក-លោកស្រីយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលធនាគារ ប៊្រីដ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោក-លោកស្រីបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
១១.៤ ការបើកគណនីណាមួយជាមួយ ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យធនាគារ ប៊្រីដ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោក-លោកស្រី ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោក-លោកស្រី ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ កម្មវិធីធនាគារចល័ត ប៊្រីដ ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ ធនាគារ ប៊្រីដ។ ក្រៅពីនេះ លោក-លោកស្រីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោក-លោកស្រីនៅលើអេក្រង់ទិន្នន័យរបស់ធនាគារ ប៊្រីដ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម ធនាគារ ប៊្រីដ នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ ធនាគារ ប៊្រីដ។
១១.៥ រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោក-លោកស្រី ទៅកាន់ដៃគូរអាជីវកម្មរបស់ធនាគារ ប៊្រីដ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។
១១.៦ ការកែសម្រួលផ្សេងៗ៖ លោក-លោកស្រីយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់ ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោក-លោកស្រីនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈទេសៈខ្លះ ធនាគារ ប៊្រីដ ពុំអាចលុបចោល ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោក-លោកស្រី ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។
១១.៧ លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ក្នុងពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ និង/ឬ គណនាតាមរយៈមុខងារ “ការគណនាអត្រាប្តូរប្រាក់” គឺគ្រាន់តែជាតួលេខប្រហាក់ប្រហែលតែប៉ុណ្ណោះ។ លោក-លោកស្រីទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោក-លោកស្រី គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ឬតាមរយៈគេហទំព័រដែលការកើតឡើងនោះអាចបណ្តាលពីការយឺតយ៉ាវ និង/ឬខកខានធ្វើបច្ចុប្បន្នភាព រួមទាំងប៉ុន្តែមិនកំណត់ចំពោះកំហុសដោយអចេតនា ។ល។
១១.៨ លោក-លោកស្រីយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោក-លោកស្រី គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោក-លោកស្រីចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោក-លោកស្រី ។
១២. ការជូនដំណឹង និងសារដាស់តឿន
១២.១ តាមរយៈការចុះឈ្មោះប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចផ្ញើ ឬ ស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬផ្តល់ជាការជូនដំណឹង (Push Notification) នៅលើកម្មវិធីទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ ការដាស់តឿនគន្លឹះសុវត្ថិភាព សារជូនដំណឹងពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬ ប្រូម៉ូសិននានា និងការដាស់តឿនរដ្ឋបាលមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងលោក-លោកស្រី និងធនាគារ ប្រ៊ីដ។
១២.២ ធនាគារ ប៊្រីដ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមានចំពោះលោក-លោកស្រី ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ឬ ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬមួយភាគណាមួយឡើយ។ ក្នុងករណីនេះ លោក-លោកស្រីបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក-លោកស្រីតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោក-លោកស្រី ប្រសិនបើមានករណីនេះកើតមានឡើង។
១២.៣ លោក-លោកស្រីអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោក-លោកស្រីទាំងអស់។
១៣. គណនីឥណពន្ធចម្បង (Default Account)
១៣.១ គណនីឥណពន្ធចម្បងត្រូវបានបង្កើតឡើងជាផ្នែកនៃសេវាធនាគារឌីជីថល ប្រ៊ីដ ហើយប្រតិបត្តិការ យោងទៅតាមឥរិយាបថ និងតក្កវិជ្ជាបច្ចេកវិទ្យា។
១៣.២ លោក-លោកស្រី ទទួលស្គាល់ និងយល់ព្រមថា កម្មវិធីធនាគារចល័ត ប៊្រីដនិងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតនឹងអនុវត្តគណនីឥណពន្ធចម្បងនៅក្នុងកម្មវិធី ឬអំឡុងពេលដែលអ្នកធ្វើប្រតិបត្តិការដោយហេតុផលធ្វើឱ្យបទពិសោធន៍ធនាគារឌីជីថលរបស់អ្នកមានភាពរហ័ស និងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរគណនីឥណពន្ធចម្បងរបស់អ្នកតាមរយៈកម្មវិធី កម្មវិធីធនាគារចល័ត ប៊្រីដ របស់អ្នកពីលេខគណនីមួយទៅលេខមួយទៀតគ្រប់ពេលវេលា និងស្របតាមឥរិយាបថនៃតក្កវិជ្ជាដែលបានបង្កើតឡើងនៅក្នុងសេវាកម្មធនាគារឌីជីថលរបស់ធនាគារ។។
១៣.៣ លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា គណនីឥណពន្ធចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោក-លោកស្រីបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោក-លោកស្រីនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។
១៤. សកម្មភាពហាមឃាត់
១៤.១ លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា កម្មវិធីធនាគារចល័ត ប៊្រីដ ផ្តល់ជូនលោក-លោកស្រីក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោក-លោកស្រីដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោក-លោកស្រីទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោក-លោកស្រីយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោក-លោកស្រីប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។
១៤.២ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការទប់ស្កាត់ និងកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោក-លោកស្រីដែលតាមការយល់ឃើញរបស់ធនាគារ ប្រ៊ីដ ថា ទង្វើរបស់លោក-លោកស្រីគឺជាការក្លែងបន្លំ និង/ឬបង្ហាញពីចេតនាដែលបានកំណត់ថាលោក-លោកស្រីបានធ្វើសកម្មភាពទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុច្រើនដង ឬ ការសាកល្បធ្វើប្រតិបត្តិការជាមួយនឹងទឹកប្រាក់តិចតួច ដើម្បីទទួលបាននូវចំនូលជាទឹកប្រាក់ ឬ ប្រហាក់ប្រហែលទៅលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ឬ ការទទួលបានពិន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងរូបិយវត្ថុ នូវចំនួនទឹកប្រាក់តិចតួចលើសពី ៥ ដងក្នុងមួយថ្ងៃ ហើយបង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតចេញពី ទង្វើនោះ។ ។
១៥. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ
១៥.១ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការ ហើយ ធនាគារ ប៊្រីដ នឹងផ្តល់យោបល់អំពីការបដិសេធនេះ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ធនាគារ ប៊្រីដ សង្ស័យ និង/ឬរកឃើញថា៖
- ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តអាជីវកម្មរបស់ ធនាគារ ប៊្រីដ ឬ
- ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
- មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា ។
១៥.២ លោក-លោកស្រីយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក ធនាគារ ប៊្រីដ ដែល ធនាគារ ប៊្រីដ តាមការទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
១៥.៣ លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចបង្ហាញព័ត៌មានណាមួយដែលទាក់ទងនឹងអ្នក ប្រតិបត្តិការរបស់អ្នក និងគណនី ធនាគារដែលលោក-លោកស្រីបានដាក់ប្រាក់បញ្ញើ ក្នុងករណីដែលមានការបង្គាប់អំពី មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។
១៥.៤ លោក-លោកស្រីប្រកាស និងធានាអះអាងចំពោះ ធនាគារ ប៊្រីដ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាម រយៈ ធនាគារ ប៊្រីដ ស្របតាមការបង្គាប់បញ្ជារបស់លោក-លោកស្រី គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។
១៦. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់
១៦.១ លោក-លោកស្រីមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោក-លោកស្រីឡើយ។ លោក-លោកស្រីត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវកម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។
១៦.២ លោក-លោកស្រីមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងកម្មវិធីធនាគារចល័ត ប៊្រីដ ឬ កម្មវិធី Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ឬ កម្មវិធី Software ។ ប្រសិនបើលោក-លោកស្រីបានប្រព្រឹត្តសកម្មភាពបែបនេះ លោក-លោកស្រីត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៦.៣ ប្រសិនបើលោក-លោកស្រីប្រើប្រាស់រូបថត ដើម្បីលម្អធនាគារទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ ផ្ទាល់ខ្លួនរបស់លោក-លោកស្រី លោក-លោកស្រីត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖
- ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានក្នុងការចូលមើលដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
- ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោណាមួយដោយមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។
១៦.៤ លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោក-លោកស្រីផ្តល់ជូនតាមរយៈកម្មវិធីធនាគារចល័ត ប៊្រីដ រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងជាព័ត៌មានចុងក្រោយរបស់លោក-លោកស្រីផងដែរ។
១៧. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់
១៧.១ ធនាគារ ប៊្រីដ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ការណែនាំ និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោក-លោកស្រី (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចផ្តល់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ជូនលោក-លោកស្រី។ បើពុំមានព័ត៌មានទាំងអស់នេះទេ ធនាគារ ប៊្រីដ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោក-លោកស្រីបានឡើយ។
១៧.២ តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោក-លោកស្រីទៅកាន់៖
- បុគ្គលណាដែលមានទំនាក់ទំនងជាមួយ ធនាគារ ប៊្រីដ ក្នុងការអនុវត្ត ឬជួយដល់មុខងារនិងសកម្មភាពរបស់ ធនាគារ ប៊្រីដ
- បុត្រសម្ព័ន្ធ ដៃគូអាជីវកម្ម ឬបណ្តាញទូទាត់របស់ធនាគារ ប៊្រីដ ការិយាល័យកណ្តាល ធនាគារ ប៊្រីដ សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លងទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ ធនាគារ ប៊្រីដ
- សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ ធនាគារ ប៊្រីដ
- អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ ធនាគារ ប៊្រីដ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ ធនាគារ ប៊្រីដ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ ធនាគារ ប៊្រីដ
- ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
- ការិយាល័យឥណទានដែល ធនាគារ ប៊្រីដ ឬទីស្នាក់ការកណ្តាលរបស់ ធនាគារ ប៊្រីដ ឬសាខាណាមួយរបស់ ធនាគារ ប៊្រីដ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
- ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។
១៨. ការបញ្ឈប់ ឬ បិទសកម្មភាពប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ
១៨.១ នៅពេលណាដែលលោក-លោកស្រីចង់បញ្ឈប់ឬរារាំងនូវការប្រើ កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យទំនាក់ទំនងអតិថិជន ឬអញ្ជើញមកកាន់សាខា ធនាគារ ប៊្រីដ ណាមួយដែលនៅជិតលោក-លោកស្រីបំផុតបំផុត។ ការចូលប្រើនឹងត្រូវបានរារាំង និងដាក់កម្រិតពីពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ក្នុងរយៈពេល០១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ ការចូល ប្រើប្រាស់នេះឡើងវិញ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យទំនាក់ទំនងអតិថិជនឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតលោក-លោកស្រីបំផុត។
១៩. ការទទួលខុសត្រូវ
១៩.១ លោក-លោកស្រីយល់ព្រមក្នុងការត្រូវទទួលខុសត្រូវនូវរាល់ប្រតិបត្តិការទាំងអស់ ដែលលោក-លោកស្រីបានធ្វើឡើងតាមរយៈកម្មវិធីធនាគារចល័ត ប៊្រីដ លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ ធនាគារ ប៊្រីដ និយោជិក របស់ ធនាគារ ប៊្រីដ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ ដែលជាក្រុមការងាររបស់ ធនាគារ ប៊្រីដ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។
២០. សំណង
២០.១ យោងតាមការអនុញ្ញាតដោយច្បាប់ លោក-លោកស្រីយល់ព្រមផ្តល់សំណងដល់ ធនាគារ ប៊្រីដ នូវការខាតបង់ ឬការខូចខាតទាំងឡាយណាដែល ធនាគារ ប៊្រីដ ទទួលរងពីការទាមទារ ឬសកម្មភាពណាមួយប្រឆាំងនឹង ធនាគារ ប៊្រីដ ដោយផ្ទាល់ ឬដោយប្រយោល ពីព្រោះលោក-លោកស្រី៖
- មិនបានអនុវត្តកាតព្វកិច្ចស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ
- ធ្វើសកម្មភាពធ្វេសប្រហែស ឬក្លែងបន្លំពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
២១. ការសាកសួរអំពីព័ត៌មាន កំហុស សំណួរ និងបណ្តឹងតវ៉ា
២១.១ សូមទំនាក់ទំនងមកកាន់មកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ ធនាគារ ប៊្រីដ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ ប្រសិនបើលោក-លោកស្រីជំនួយភ្លាមៗ ធ្វើការសាកសួរព័ត៌ផ្សេងៗ ឬបានដឹងអំពីកំហុសកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើលោក-លោកស្រីមានសំណួរ ឬការតវ៉ាណាមួយ។ ប្រសិនបើអ្នកត្រូវការ ឬបានរកឃើញថាមានភាពមិនស្របគ្នា ឬមានកំហុសបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើអ្នកមានសំណួរ ឬការតវ៉ាណាមួយ។
២១.២ ក្នុងករណីដែលលោក-លោកស្រីត្រូវការជំនួយពីការិយាល័យកណ្តាល ឬសាខាណាមួយនៃធនាគារ ប្រ៊ីដ ម៉ោងធ្វើការរបស់ ធនាគារ ប្រ៊ីដ គឺចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹក ដល់ ១៦:៤៥ នាទីល្ងាច ហើយ បើកដំណើរការ ៥ (ប្រាំ) ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដែលម៉ោងនិងថ្ងៃបើកដំណើរការនេះអាចត្រូវបានកែសម្រួលដោយ ធនាគារ ប្រ៊ីដ ម្តងម្កាល។
២២. ការកែប្រែ និងការជូនដំណឹង
២២.១ ធនាគារ ប៊្រីដ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេលវេលា។ ហើយ ធនាគារ ប៊្រីដ នឹងធ្វើការជូនដំណឹងអំពីការកែប្រែនេះជូនលោក-លោកស្រីតាមរយៈបណ្តាញនានារបស់ ធនាគារ ប៊្រីដ រួមមានជាអាទិ៍ តែមិនកំណត់ចំពោះ៖ ការជូនដំណឹងនឹងមានបង្ហាញលើគេហទំព័ររបស់ ធនាគារ ប៊្រីដ www.bridgebank.com.kh ឬតាមរយៈការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ឬកាសែតជាតិ ឬ ជូនដំណឹងតាមរយៈការទំនាក់ទំនងទៅលេខទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬតាមរយៈការផ្ញើសារជាលាយលក្ខណ៍អក្សរ ឬសារអេឡិចត្រូនិកចេញពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ។
២២.២ លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា ធនាគារ ប៊្រីដ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោក-លោកស្រី។
២៣. កម្មសិទ្ធិបញ្ញា
រាល់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់ កម្មវិធីធនាគារចល័ត ប៊្រីដ គឺជាកម្មសិទ្ធិរបស់ធនាគារ ប្រ៊ីដ ។ ប្រសិនបើគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ប្រ៊ីដ ទេ ព័ត៌មានដែលផ្តល់ជូនដល់លោក-លោកស្រីដែលជាផ្នែកមួយនៃ កម្មវិធីធនាគារចល័ត ប៊្រីដ គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនត្រូវចម្លង ផ្សព្វផ្សាយ ឬផ្ញើទៅអ្នកផ្សេង ឬបញ្ចូលទៅក្នុងឯកសារផ្សេងទៀតឡើយ។
២៤. ច្បាប់គ្រប់គ្រង
លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២៥. ការដោះស្រាយវិវាទ និងយុត្តាធិការ
វិវាទរវាងអតិថិជន និង ធនាគារ ប្រ៊ីដ
២៥.១ រាល់ជម្លោះ ឬការទាមទារណាមួយដែលកើតចេញអំពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ ឬការប្រើប្រាស់សេវាទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយនឹងធនាគារ ប្រ៊ីដ នឹងត្រូវបានដោះស្រាយដោយការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ ដោយអនុលោមតាមការណែនាំអតិថិជន និងគោលការណ៍គ្រប់គ្រងពាក្យបណ្តឹង ឬនីតិវិធីប្រតិបត្តិការស្តង់ដារណាមួយរបស់ធនាគារផ្សេងទៀត។ ហើយប្រសិនបើវិវាទមិនត្រូវបានដោះស្រាយក្នុងរយៈពេលនេះទេ វិវាទនឹងត្រូវបញ្ជូនទៅដោះស្រាយតាមតុលាការកម្ពុជា។
វិវាទរវាងអតិថិជន និង តតិយជន
២៥.២ សូមចំណាំថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះជម្លោះណាមួយរបស់លោក-លោកស្រីដែលបានកើតឡើងជាមួយតតិយជនណាមួយទាក់ទងនឹងប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈទូរស័ព្ទចល័ត BRIDGE និង/ឬគណនីរបស់លោក-លោកស្រីឡើយ។
២៦. ដែនកំណត់នៃការទទួលខុសត្រូវ
២៦.១ ធនាគារ ប៊្រីដ មិនអះអាង និងធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដនោះឡើយ។ ធនាគារ ប៊្រីដ មិនធានាអះអាងថា កម្មវិធីធនាគារទូរសព្ទ័ចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។
២៦.២ ធនាគារ ប៊្រីដ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ ធនាគារ ប៊្រីដ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ។
២៧. សេចក្តីប្រកាសរបស់អតិថិជន
២៧.១ លោក-លោកស្រីប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន ធនាគារ ប៊្រីដ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។
២៧.២ លោក-លោកស្រីត្រូវជូនដំណឹងដល់ ធនាគារ ប៊្រីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដែលលោក-លោកស្រីបានផ្តល់ជូន ធនាគារ ប៊្រីដ ពីមុនមក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោក-លោកស្រី ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែលធនាគារ ប៊្រីដ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។