Menu

អតិថិជនត្រូវបំពេញព័ត៌មាននៅលើពាក្យសុំបើកគណនីដែលផ្ដល់ជូនដោយធនាគារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ រួមបញ្ចូលទាំងគំរូហត្ថលេខា សម្រាប់ធនាគាររក្សាទុក និងផ្ទៀងផ្ទាត់នៅពេលអតិថិជនធ្វើប្រតិបត្តិការគណនីជាមួយ ធនាគារ។
គណនីនឹងត្រូវបើកដោយមានការដាក់ប្រាក់លើកដំបូងក្នុងកំរិតអប្បបរមាដែលកំណត់ដោយធនាគារ។
ធនាគាររក្សាសិទ្ធិក្នុងការស្នើសុំនូវឯកសារអត្តសញ្ញាណរូបវន្តបុគ្គល ឬនីតិបុគ្គលច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់តាមគោលការណ៍ដែលធនាគារបានកំណត់ មុននឹងយល់ព្រមលើការស្នើសុំបើកគណនីរបស់អតិថិជន។
អតិថិជនយល់ព្រមគោរពតាមលក្ខខណ្ឌនានាដែលធនាគារបានកំណត់ទាក់ទងទៅនឹងគណនី ឬសេវាកម្មដែលបានរៀបរាប់ក្នុងលក្ខខណ្ឌ និងរាល់ច្បាប់បទបញ្ជា និងគោលការណ៍នានាដែលអនុវត្តបានចំពោះគណនី ឬសេវាកម្មជាធរមាននៅកម្ពុជា។
អតិថិជននឹងមិនប្រើប្រាស់គណនីទាំងអស់ដែលមានជាមួយធនាគារក្នុងគោលបំណងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ឬសកម្មភាពខុសច្បាប់ណាមួយផ្សេងទៀត។ ព័ត៌មានដែលខ្ញុំ/យើងខ្ញុំផ្ដល់ឱ្យធនាគារគឺជាព័ត៌មានត្រឹមត្រូវ ហើយយល់ព្រមផ្ដល់ព័ត៌មានបន្ថែមតាមការស្នើសុំពីធនាគារ ។
ធនាគារមានសិទ្ធបង្ហាញ នូវព័ត៌មានក្នុងទម្រង់នេះ និងព័ត៌មានដែលទាក់ទងនឹងប្រតិបត្តិការ និងស្ថានភាពនៃគណនីរបស់អតិថិជនទៅកាន់ (១) បុគ្គលណាម្នាក់ដែលការបង្ហាញបែបនេះត្រូវបានតម្រូវដោយច្បាប់ឬនិយ័តកម្ម (២) ទីប្រឹក្សាឬភ្នាក់ងាររបស់ធនាគារនិង (៣) អ្នកកាន់កាប់ធនាគារបុត្រ សម័្ពន្ធក្រុមហ៊ុននិង / ឬក្រុមហ៊ុនដែលជាប់ទាក់ទងរបស់ ធនាគារ។
ធនាគារមានសិទ្ធិកាត់ចំនួនទឹកប្រាក់ចេញពីគណនីរបស់អតិថិជនទៅនឹងការគិតថ្លៃសេវាតាមផ្លូវច្បាប់កាតព្វកិច្ចត្រា ពន្ធអាករ កម្រៃជើងសារឬកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងគណនី ឬសេវាកម្ម។
នៅពេលធ្វើការដាក់ប្រាក់ចូលគណនីនៅតាមបញ្ជរ អតិថិជនត្រូវបំពេញឲ្យបានចប់សព្វគ្រប់និងត្រឹមត្រូវលើបង្កាន់ដៃដាក់ប្រាក់បញ្ញើរបស់ធនាគារ។
បន្ទាប់ពីធនាគារទទួលការដាក់ប្រាក់ពីអតិថិជន បង្កាន់ដៃដាក់ប្រាក់នឹងត្រូវបញ្ជាក់ពីសុពលភាពដោយមានការបោះត្រាកាលបរិច្ឆេទ និងចុះហត្ថលេខាទទួលស្គាល់ដោយបុគ្គលពាក់ព័ន្ធរបស់ធនាគារ។ ផ្នែកថតចំលងនៃបង្កាន់ដៃដាក់ប្រាក់នឹងត្រូវប្រគល់ជូនអតិថិជន។ អតិថិជនត្រូវត្រួតពិនិត្យបង្កាន់ដៃដាក់ប្រាក់មុននឹងចាកចេញពីធនាគារ។ ប្រសិនបើមានកំហុសឆ្គងណាមួយត្រូវរាយការណ៍មកធនាគារជាបន្ទាន់។
រាល់ការដាក់ប្រាក់ដែលខុសពីរូបិយប័ណ្ណដើមនៃគណនីរបស់អតិថិជនបើកជាមួយធនាគារ ធនាគារនឹងធ្វើការប្ដូរ រូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ ដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ជាក់ស្ដែង។
ការដាក់ប្រាក់ជាមូលប្បទានប័ត្រ សេវាមូលបត្រចេញដោយធនាគារ ឬឧបករណ៍ទូទាត់ដទៃទៀតនឹងត្រូវដាក់ចូលនៅក្នុងគណនីអតិថិជននៅថ្ងៃដែលឧបករណ៍នោះត្រូវបានទូទាត់ ហើយការប្រាក់នឹងត្រូវគិតចាប់ពីថ្ងៃដាក់ប្រាក់ចូលគណនីនោះដែរ។
នៅពេលដែលគណនីត្រូវបានបើក និងគ្រប់គ្រងជារួម ឬក្រោមឈ្មោះច្រើននាក់ លក្ខខណ្ឌទាំងឡាយខាងក្រោមនេះនឹងត្រូវអនុវត្ត៖
ចំពោះករណីជាសហកម្មសិទ្ធិ សិទ្ធិដែលបានប្រគល់ជូនមុនដំបូង នឹងត្រូវរក្សាទុកឲ្យមានប្រសិទ្ធភាពរហូតដល់មានការដកហូត ជាលាយលក្ខណ៍អក្សរពីម្ចាស់សិទ្ធិដំបូងទោះបីជាមានការផ្លាស់ប្ដូរនៅក្នុងលក្ខនិ្តក: ឬឈ្មោះអង្គភាព ឬមានការផ្លាស់ប្ដូរក្នុងសមាជិកភាពនៃអង្គភាពដោយសារមរណភាព ក្ស័យធន ការចូលនិវត្តន៍ ឬផ្សេងពីនោះ ឬដោយមានការចូលរូមពីដៃគូរថ្មី ឬដៃគូរជាច្រើន។ ធនាគារត្រូវមានកាតព្វកិច្ចក្នុងការផ្ដល់សេវាកម្មជូនអ្នកដែលបានទទួលសិទ្ធិដំបូង ជាអ្នកដែលមានសុពលភាពនិងភ្ជាប់ជាមួយនូវភាពជាដៃគូរ លើកលែងតែមានការដកហូតដែលត្រូវទទួលបានដោយធនាគារពីអ្នកមានសិទ្ធិ។
ការដាក់ប្រាក់ដែលធនាគារបានទទួលជាមូលប្បទានប័ត្រ និងឧបករណ៍ទូទាត់ដទៃទៀតដែលអនុញ្ញាតឲ្យម្នាក់ក្នុងចំណោមពួកយើង ធ្វើការដាក់សាច់ប្រាក់ចូលគណនីរួមរបស់ពួកយើង។
អនុវត្តតាមការណែនាំទាក់ទងនឹងគណនីរបស់យើងស្របតាមការបង្គាប់របស់យើងដែលមានហត្ថលេខាគំរូដែលភ្ជាប់ជាមួយទម្រង់នេះ។
អតិថិជនត្រូវធានាថាហត្ថលេខារបស់លោក/លោកស្រី ដែលបានទទួលការផ្តល់សិទ្ធិនៅលើមូលប្បទានប័ត្រ លិខិតណែនាំ និងលិខិតទំនាក់ទំនងជាមួយធនាគារ គឺជាហត្ថលេខាដូចនឹងហត្ថលេខាគំរូដែលបានផ្តល់ជូននៅពេលបើកគណនីជាមួយធនាគារ បើមិនដូច្នោះទេ ធនាគារមានសិទ្ធិពេញលេញក្នុងការបដិសេដមិនធ្វើប្រតិបត្តិការជូន។
តារាងនៃកម្រៃសេវារបស់ធនាគារសម្រាប់ការប្រើប្រាស់សេវាកម្មរបស់ធនាគារ និងសេវាកម្មរបស់ធនាគារដែលអាចបានកំណត់ និង/ឬកែប្រែដោយធនាគារពីពេលមួយទៅពេលមួយនោះអាចនឹងផ្តល់ជូនទៅអតិថិជនតាមសំណើរ។ រាល់ប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនរបស់អតិថិជនដែលធ្វើជាមួយធនាគារ ធនាគារនឹងធ្វើការគិតថ្លៃសេវា តាមគោលការណ៍ដែលបានកំណត់ ហើយធនាគាររក្សាសិទ្ធិក្នុងការកែប្រែតម្លៃសេវាដោយមិនមានការជូនដំណឹងជាមុនលើកលែងតែមានការតម្រូវពីច្បាប់។
តាមរយៈការបើកគណនីជាមួយធនាគារ ធនាគារចាត់ទុកថាអតិថិជនយល់ព្រម និងដឹងលឺការកែប្រែនេះ ដែលអនុវត្តចំពោះគ្រប់អតិថិជនដែលប្រើប្រាស់សេវាជាមួយធនាគារ។
ធនាគាររក្សាសិទ្ធិក្នុងការកាត់កម្រៃសេវាពីអតិថិជនដែលបានធ្វើប្រតិបត្តិការជាមួយធនាគារ ឬការផាកពិន័យផ្សេងៗពីគណនីរបស់អតិថិជនដោយមិនមានការជូនដំណឹងមុន។
អតិថិជនត្រូវតាមដានប្រតិបត្តិការ ឬសកម្មភាពនានានៅក្នុងគណនីធនាគារជាប្រចាំ។ បញ្ហាណាមួយដែលត្រូវបានរកឃើញត្រូវរាយការណ៍ទៅធនាគារក្នុងរយៈពេល ៦០ ថ្ងៃគិតចាប់ពីថ្ងៃប្រតិបត្តិការ ឬបើមិនដូច្នោះទេ វាត្រូវបានចាត់ទុកថាគ្មានកំហុស។
របាយការណ៍គណនីអាចត្រូវបានផ្តល់ជូនដោយធនាគារតាមរយៈបណ្តាញរបស់ធនាគារ ដែលអាចធ្វើទៅបានរួមមានប៉ុន្តែមិនកំណត់ត្រឹម កម្មវិធីសេវាធនាគារចល័តរបស់ធនាគារ ប៊្រីដ ឬតាមកាលវិភាគណាមួយអាស្រ័យលើផលិតផលឬប្រភេទគណនីនីមួយ។ អតិថិជនអាចស្នើសុំឱ្យធនាគារចេញរបាយការណ៍គណនីនៅពេលណាមួយតាមការស្នើសុំ តាមការចាំបាច់ តែការស្នើសុំបែបនេះអាចនឹងតម្រូវឱ្យអតិថិជនបង់កម្រៃសេវាបន្ថែម។
ធនាគាររក្សាសិទ្ធិក្នុងការកែប្រែកំហុសផ្សេងៗដែលកើតមាននៅក្នុងរបាយការណ៍គណនីដែលកើតពីកំហុសបច្ចេកទេស ឬការខុសឆ្គងរបស់មន្ត្រីធនាគារហើយបានផ្តល់សិទ្ធិដល់អតិថិជនក្នុងការផ្ទៀងផ្ទាត់ និងកែសម្រួលរបាយការណ៍នោះជាមួយធនាគារ។ ក្នុងករណីមានការបញ្ចូលទឹកប្រាក់ដោយការភាន់ច្រឡំអតិថិជនយល់ព្រមឱ្យធនាគារកាត់ចេញនូវ ទឹកប្រាក់នោះវិញ។
អតិថិជនសន្យាធានាសងធនាគារពេញលេញ និងគ្រប់ចំនួនចំពោះរាល់ការតវ៉ា ការខូចខាត ការទាមទារ សកម្មភាពការប្តឹង និងការចំណាយទាំងអស់(រួមទាំងការចំណាយផ្លូវច្បាប់ផ្សេងៗ) ហើយនិងការទទួលខុសត្រូវដទៃទៀត ឬជាការទទួលខុសត្រូវនេះមានចរិតលក្ខណៈបែបណាក៏ដោយ ដែលអាចនឹងត្រូវបានកើតឡើង ឬទទួលរងគ្រោះដោយធនាគារដែលទាក់ទងទៅនឹង ឬក៏ក្នុងលក្ខណៈណាមួយដែលកើតឡើង ដោយសារការផ្តល់ជូននូវសេវាកម្មណាមួយដោយធនាគារនេះ ឬក៏ការទទួលយកនូវសេចក្តីណែនាំណាមួយ ដែលផ្តល់ជូនដោយអតិថិជនឬក៏ការបំពានណាមួយដោយអតិថិជនលើបទបញ្ញត្តិណាមួយ របស់លក្ខខណ្ឌទាំងនេះ ឬក៏លក្ខខណ្ឌណាមួយដែលកំណត់ដោយធនាគារពីពេលមួយ ទៅពេលមួយ។
អតិថិជនធានាសងធនាគារចំពោះការបាត់បង់ណាមួយរបស់ធនាគារដែលអាចកើតមានឡើងដោយហេតុផលនៃការធានា ការទូទាត់មូលប្បទានប័ត្រ ឬឧបករណ៍ទូទាត់ផ្សេងទៀតដែលអតិថិជនបានដាក់បញ្ជូនមកធនាគារគ្រប់ករណី។
អតិថិជនត្រូវជូនដំណឹងមកធនាគារឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាននៅពេលមានការផ្លាស់ប្ដុរព័ត៌មានណាមួយអំពីអតិថិជនឬអំពីគណនីណាមួយ និងធានាថា ព័ត៌មានដែលផ្ដល់ឱ្យធនាគារគឺជាព័ត៌មានបច្ចុប្បន្ននិងត្រឹមត្រូវជានិច្ច។ ព័ត៌មានទាំងនោះអាចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន មុខរបរប្រភេទអាជីវកម្ម គោលបំណងនៃការប្រើប្រាស់គណនី សញ្ជាតិ ឯកសារអត្តសញ្ញាណ លេខទំនាក់ទំនង និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងម្ចាស់និងអ្នកធ្វើប្រតិបត្តិការក្នុងគណនី ដែលផ្តល់ឱ្យធនាគារនៅពេលបើកគណនីឬនៅពេលធ្វើបច្ចុប្បន្នភាពគ្រាមុន។ ក្នុងករណីរកឃើញថាមានព័ត៌មានណាមិនពិត ឬមានភាពមិនប្រក្រតី ធនាគារអាចនឹងចាត់វិធានការនានាទៅលើគណនីនោះ ដែលក្នុងនោះ ធនាគារអាចនឹងផ្អាកដំណើរការប្រតិបត្តិការដែលទាក់ទងនឹងគណនីឬប្រតិបត្តិការទាំងអស់របស់លោកអ្នក ជាបណ្តោះអាសន្ន រហូតដល់ព័ត៌មានទាំងអស់ត្រូវបានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ត្រឹមត្រូវតាមនីតិវិធីរបស់ធនាគារ។
គណនីបញ្ញើសន្សំ គឺជាប្រភេទគណនីដែលមិនកំណត់ថិរវេលា សម្រាប់អតិថិជនដែលចង់ទទួលបានការប្រាក់បន្ថែម ជាមួយនឹងការដាក់ និងដកប្រាក់រៀងរាល់ម៉ោងធ្វើការ នៅការិយាល័យរបស់ធនាគារ ប្រ៊ីដ ម.ក ឬតាមរយ:ម៉ាស៊ីនដាក់ ឬ ដកប្រាក់។
ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃដោយគិតតាមចំនួនទឹកប្រាក់ក្នុងគណនី។ ការប្រាក់ទទួលបានត្រូវបានដាក់បញ្ជូលទៅក្នុងគណនីរបស់អតិថិជន ហើយការប្រាក់នោះនឹងត្រូវបង្គរទៅជាប្រាក់ដើម ស្របតាមលក្ខខណ្ឌផលិតផល និងសេវាកម្មរបស់ធនាគារ ដែលអាចមានការផ្លាស់ប្តូរពីពេលមួយទៅពេលមួយ។
ការប្រាក់ដែលទទួលបានត្រូវបានជាប់ពន្ធកាត់ទុក ឬសារពើពន្ធ និងអាករផ្សេងទៀតដែលអាចនឹងដាក់កំហិតដោយអាជ្ញាធរពាក់ព័ន្ធ ហើយធនាគារនឹងធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។
ការបិទគណនីមុន ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបានប៉ុន្តែអតិថិជនអាចនឹងត្រូវបង់កម្រៃសេវាតាមការកំណត់របស់ធនាគារ។
គណនីបញ្ញើសន្សំនឹងក្លាយជាគណនីអសកម្មប្រសិនបើគណនីគ្មានប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ និងផ្ទេរប្រាក់ជាដើមក្នុងរយៈពេល(១២)ខែជាប់ៗគ្នា ។ ធនាគារនឹងគិតកម្រៃសេវាលើគណនីអសកម្មរៀងរាល់១ឆ្នាំម្ដងដោយកាត់ចេញពីគណនីរបស់អតិថិជន។ ធនាគារមានសិទ្ធិធ្វើការបិទគណនីអសកម្មរបស់អតិថិជន ប្រសិនបើសមតុល្យក្នុងគណនីស្មើសូន្យ។
ធនាគាររក្សាសិទ្ធិផ្លាស់ប្ដូរអត្រាការប្រាក់តាមការចាំបាច់។
ធនាគារនឹងធ្វើការផ្អាកប្រតិបត្តិការគណនីរបស់អតិថិជនជាបណ្ដោះអាសន្ន ប្រសិនបើមានការទាមទារពីអាជ្ញាធរពាក់ព័ន្ធ ។
គណនីចរន្ត គឺជាប្រភេទគណនីដែលមិនមានកំណត់ថិរវេលា សម្រាប់អតិថិជនដែលចង់ដាក់ប្រាក់ និងដកប្រាក់រៀងរាល់ម៉ោងធ្វើការនៅការិយាល័យរបស់ធនាគារ ប្រ៊ីដ ម.ក តាមរយ:ម៉ាស៊ីនដាក់ប្រាក់ ឬដកប្រាក់ស្វ័យប្រវត្តិ ឬការដកប្រាក់តាមរយ: ការចេញមូលប្បទានប័ត្រ ឬធ្វើការទូទាត់ចំនាយតាមរយ:ការចេញមូលប័ត្រ។
ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃដោយគិតតាមចំនួនទឹកប្រាក់ក្នុងគណនី។ ការប្រាក់ទទួលបាននឹងត្រូវបានដាក់បញ្ចូលក្នុងគណនីរបស់អតិថិជន ហើយការប្រាក់នោះនឹងត្រូវបង្គរជាប្រាក់ដើម ស្របតាមលក្ខខណ្ឌផលិតផល និងសេវាកម្មរបស់ធនាគារ ដែលអាចមានការផ្លាស់ប្តូរ។
ការប្រាក់ដែលទទួលបានត្រូវជាប់ពន្ធកាត់ទុក ឫសារពើរពន្ធ និងអាករផ្សេងៗទៀតដែលអាចនឹងដាក់កំហិតដោយ អាជ្ញាធរពាក់ព័ន្ធ ហើយធនាគារនឹងធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។
ធនាគាររក្សាសិទ្ធិផ្លាស់ប្តូរអត្រាការប្រាក់តាមការចាំបាច់។
ការបិទគណនីមុន ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបានប៉ុន្តែអតិថិជនអាចនឹងត្រូវបង់កម្រៃសេវាតាមការកំណត់របស់ធនាគារ។
គណនីចរន្តនឹងក្លាយជាគណនីអសកម្ម ប្រសិនបើគណនីគ្មានប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ និងផ្ទេរប្រាក់ជាដើម ក្នុងរយៈពេល ១២ ខែជាប់ៗគ្នា ។ ធនាគារនឹងគិតកម្រៃសេវាលើគណនីអសកម្មរៀងរាល់ឆ្នាំម្ដងដោយកាត់ចេញពីគណនីរបស់អតិថិជន។ ធនាគារមានសិទ្ធិធ្វើការបិទគណនីអសកម្មរបស់អតិថិជន ប្រសិនបើសមតុល្យក្នុងគណនីស្មើសូន្យ។
ធនាគារនឹងធ្វើការផ្អាកប្រតិបត្តិការគណនីចរន្តរបស់អតិថិជនជាបណ្ដោះអាសន្ន ប្រសិនបើមានការទាមទារពីអាជ្ញាធរ ពាក់ព័ន្ធ ។
ធនាគារនឹងគិតថ្លៃសេវាសម្រាប់ការប្រើប្រាស់គណនីចរន្តរៀងរាល់ឆមាសពីអតិថិជន ដោយផ្អែកលើគោលការណ៍របស់ ធនាគារ ដោយ កាត់ចេញពីគណនីចរន្តរបស់អតិថិជន។
អតិថិជនត្រូវពិនិត្យសមតុល្យគណនីរបស់ខ្លួន មុនពេលចេញរាល់មូលប្បទានប័ត្រ។ អតិថិជនត្រូវរក្សាទឹកប្រាក់ឲ្យបាន គ្រប់គ្រាន់ក្នុងគណនី ដើម្បីធានាបាននូវប្រតិបត្តិការរលូនសម្រាប់មូលប្បទានប័ត្រទាំងអស់ដែលបានចេញ។ ការចេញមូលប្បទានប័ត្រ ដែលត្រូវបានបដិសេធការទូទាត់ (Dishonored Check) ដោយសារមិនមានសមតុល្យគ្រប់គ្រាន់ (Insufficient Fund) នឹងត្រូវចាត់ទុកថាជាការបំពានលើលក្ខខណ្ឌទូទៅនេះ ហើយបន្ថែមពីលើការផាកពិន័យដែលនឹងត្រូវអនុវត្តដោយធនាគារ ហើយដែលនឹងកាត់ចេញពីគណនីរបស់អតិថិជន ធនាគារនឹងរាយការណ៍ព័ត៌មានពាក់ព័ន្ធទៅកាន់ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា និង ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគារអាចធ្វើការផ្អាកការប្រើប្រាស់មូលប្បទានប័ត្ររបស់អតិថិជន រឹតបន្តឹង ឬ ផ្អាកដំណើការ និង/ឬបិទគណនីរបស់អតិថិជន ជាពិសេសក្នុងករណីមានការចេញមូលប្បទានប័ត្រដែលត្រូវបានបដិសេធការទូទាត់ម្តងហើយម្តងទៀត ដោយមាន ឬ គ្មានការជូនដំណឹងទៅអតិថិជនជាមុន។
អតិថិជនត្រូវតែទទួលខុសត្រូវចំពោះការរក្សាសុវត្ថិភាពនៃសៀវភៅមូលប្បទានប័ត្ររបស់ខ្លួន។ ក្នុងករណីដែលមូលប្បទានប័ត្រត្រូវបានលួច ឬបាត់អតិថិជនត្រូវតែរាយការណ៍មកកាន់ធនាគារឲ្យលឿនបំផុត។
អតិថិជនត្រូវទទួលស្គាល់នូវភាពចាំបាច់ក្នុងការអនុវត្តដោយប្រុងប្រយ័ត្ននៅពេលចេញមូលប្បទានប័ត្រ ហើយត្រូវយល់ព្រមថានឹងមិនចេញមូលប្បទានប័ត្រដោយវិធី ឬរបៀបណាមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរទម្រង់មូលប្បទានប័ត្រនោះ ឬដែលជួយសម្រួលដល់ការក្លែងបន្លំនានា។
អតិថិជនត្រូវមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការកោសលុប ឬកែប្រែមូលប្បទានប័ត្រចេញដោយអតិថិជន។ ធនាគារសូមរក្សាសិទ្ធិមិនទូទាត់សងប្រាក់ និងមិនប្រគល់ជូនវិញនូវមូលប្បទានប័ត្រដែលធនាគារយល់ឃើញថាមានស្នាមកោសលុប ឬកែប្រែណាមួយដែលមិនអាចទទួលយកបាន។
ការបញ្ជាបញ្ឈប់មូលប្បទានប័ត្រ ឬការបញ្ជាមោឃភាពបញ្ឈប់មូលទានបត្រនឹងចាប់អនុវត្តប្រសិនបើមូលប្បទានប័ត្រនោះមិនធ្លាប់បានបង្ហាញសម្រាប់ធ្វើការទូទាត់។ ការស្នើសុំត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ឈ្មោះ លេខគណនី លេខមូលប្បទានប័ត្រ កាលបរិច្ឆេទចេញ និងចំនួនទឹកប្រាក់នៃមូលប្បទានប័ត្រ និងមូលហេតុនៃការស្នើសុំ។ ធនាគាររក្សាសិទ្ធិក្នុងការដាក់កំហិតឱ្យបង់ថ្លៃសេវានៃការណែនាំខាងលើតាមគោលការណ៍របស់ធនាគារ។
ការយោងណាមួយទៅកាន់ពាក្យ “check” ឬ “cheque” ត្រូវបានចាត់ទុកថាសំដៅទៅលើឧបករណ៍ទូទាត់ដែលអាចផ្ទេរសិទ្ធិបានដូចគ្នា ដោយមិនគិតពីការសរសេរពាក្យខុសគ្នានោះឡើយ ហើយពាក្យទាំងនេះត្រូវបានបកស្រាយថាអាចប្រើប្រាស់ជំនួសគ្នាបាន។
គណនីបញ្ញើមានកាលកំណត់ គឺជាគណនីដែលអតិថិជនត្រូវដាក់ប្រាក់បញ្ញើសម្រាប់ថិរវេលាកំណត់ជាក់លាក់ និងអាចដកប្រាក់បានទៅវិញនៅពេលដល់ថិរវេលាកំណត់។
ធនាគារតម្រូវឲ្យអតិថិជនបើកគណនីបញ្ញើសន្សំ ឬគណនីចរន្ត ដើម្បីភ្ជាប់មធ្យោបាយទូទាត់ជាមួយគណនីបញ្ញើមានកាលកំណត់ សម្រាប់ទូទាត់ការប្រាក់ប្រចាំខែ ឬការប្រាក់តាមថិរវេលាកំណត់។
រាល់ការដកប្រាក់មុនថិរវេលាកំណត់ អតិថិជនត្រូវធ្វើការស្នើសុំមកធនាគារយ៉ាងហោចណាស់ពីរ (០២) ថ្ងៃនៃថ្ងៃធ្វើការជាមុន និងអាស្រ័យលើការសម្រេចរបស់ធនាគារ ។
ក្នុងករណីដែលគណនីបញ្ញើមានកាលកំណត់ត្រូវបានបិទមុនថិរវេលាកំណត់ អតិថិជននឹងទទួលបានការប្រាក់តាមអាត្រាដែលកំណត់របស់ធនាគារ។ ក្នុងករណីការប្រាក់ដែលអតិថិជនត្រូវទទួលបាននាថ្ងៃបិទគណនីតិចជាងការប្រាក់ប្រចាំខែដែលបានទូទាត់រួច (ចំពោះគណនីបញ្ញើមានកាលកំណត់ដែលទូទាត់ការប្រាក់ប្រចាំខែ) ធនាគារមានសិទ្ធិធ្វើការកាត់កងការប្រាក់ ដែលបានទូទាត់លើសចេញពីសមតុល្យគណនីបញ្ញើមានកាលកំណត់របស់អតិថិជន ដើម្បីទូទាត់សងធនាគារវិញ។
ធនាគាររក្សាសិទ្ធិផ្លាស់ប្តូរអត្រាការប្រាក់តាមការចាំបាច់ ប៉ុន្តែអត្រាការប្រាក់ថ្មីនេះមានប្រសិទ្ធភាពចំពោះគណនីថ្មី និងគណនីដែលត្រូវបន្តឡើងវិញតែប៉ុណ្ណោះ។
អតិថិជនត្រូវបង់ពន្ធកាត់ទុកលើការប្រាក់ទទួលបាន តាមអត្រាកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ។
គណនីបញ្ញើមានកាលកំណត់អាចបន្តជាស្វ័យប្រវត្តិតាមសំណូមពរអតិថិជន។ ទោះជាយ៉ាងណា ធនាគាររក្សាសិទ្ធិមិនបន្តទទួលប្រាក់បញ្ញើ និងប្រគល់ប្រាក់បញ្ញើជូនអតិថិជនវិញ ដោយមិនចាំបាច់បញ្ជាក់មូលហេតុឡើយ។
គណនីបញ្ញើមានកាលកំណត់អាចបន្តជាស្វ័យប្រវត្តិ ប្រសិនបើអតិថិជនសម្រេចសុំបន្តនៅពេលសុំបើកគណនីដំបូង ឬបញ្ជាក់សុំបន្តនៅពេលណាមួយ យ៉ាងតិចពីរ (០២) ថ្ងៃនៃថ្ងៃធ្វើការ មុនថិរវេលាផុតកំណត់មានន័យថា ប្រាក់ដើម និងថិរវេលាបញ្ញើ នៅរក្សាតាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងពាក្យស្នើសុំបើកគណនីបញ្ញើមានកាលកំណត់។ អត្រាការប្រាក់ផ្លូវការចុងក្រោយបំផុតរបស់ធនាគារ ឬអត្រាការប្រាក់ពិសេសដែលបានព្រមព្រៀងគ្នារវាងអតិថិជននិងធនាគារត្រូវអនុវត្តសម្រាប់ការសុំបន្ត។
រាល់ការស្នើសុំផ្លាស់ប្ដូរព័ត៌មាន ឬលក្ខខណ្ឌផ្សេងៗរបស់គណនីប្រាក់បញ្ញើមានកាលកំណត់ សូមទៅកាន់សាខាធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នកបំផុត។
ប្រសិនបើវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់បាត់ ឬខូច អតិថិជនអាចស្នើសុំវិញ្ញាបនបត្រថ្មី តែត្រូវបង់កម្រៃសេវាតាមការកំណត់របស់ធនាគារ។
អតិថិជនមិនត្រូវប្រគល់វិញ្ញាបនបត្រនេះទៅឲ្យបុគ្គលណាដែលមិនមានសិទ្ធិមកដកប្រាក់ឡើយ។
វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់នឹងអស់សុពលភាពនៅពេលដល់កាលបរិច្ឆេទផុតកំណត់ ឬនៅពេលអតិថិជនបិទគណនីមុនកាលកំណត់។
លើកលែងតែមានការកំណត់ផ្សេងពីលក្ខខណ្ឌទូទៅនេះ អតិថិជនអាចបិទគណនីពេលណាក៏បានដោយធ្វើការជូនដំណឹងដល់ធនាគារជាលាយលក្ខណ៍អក្សរ ដែលមានចុះហត្ថលេខាដោយខ្លួនឯងឬអ្នកទទួលសិទ្ធិរបស់ខ្លួន ហើយត្រូវបង់ប្រាក់ជូនធនាគារនូវចំនួនទឹកប្រាក់ដែលមិនទាន់ទូទាត់ (ប្រសិនបើមាន) និងអនុញ្ញាតឲ្យធនាគារកាត់ចេញនូវចំនួនទឹកប្រាក់នោះពីគណនីដែលស្នើសុំបិទនោះ។
ចំពោះគណនីដែលបានបើក និង ដំណើរការជាគណនីរួមគ្នា ឬមានប្រើឈ្មោះច្រើនគ្នា នោះធនាគារនឹងធ្វើសកម្មភាពបិទនៅពេលណាដែលមានការណែនាំជាលាយលក្ខណ៍អក្សរពីអ្នកដែលមានសិទ្ធិនៅក្នុងគណនី (ដូចមានចែងក្នុង “លក្ខខណ្ឌសម្រាប់ប្រតិបត្តិការគណនី” នៅក្នុងប័ណ្ណហត្ថលេខាគំរូ) ដើម្បីបិទគណនីនោះ។
ធនាគារអាចនឹងបិទគណនីណាមួយភ្លាមៗ ដោយមិនមានការផ្តល់ជូននូវហេតុផលណាមួយ ប្រសិនបើធនាគារយល់ឃើញថាសមស្រប ដោយគ្រាន់តែជូនដំណឹងដល់អតិថិជន (ទោះបីការជូនដំណឹងនោះអតិថិជនបានទទួលឬមិនបានទទួលក៏ដោយ)។ ធនាគារ អាចនឹងឈប់ ទទួលខុសត្រូវចំពោះប្រាក់នៅក្នុងគណនីដែលបិទនោះ ដោយគ្រាន់តែផ្ញើនូវលិខិតបង្គាប់បេឡា ឬក៏រូបិយណត្តិ សម្រាប់ចំនួនដែលដំកល់បច្ចុប្បន្ន ទៅឲ្យអតិថិជនវិញឬក៏តាមរយៈមធ្យោបាយណាមួយដែលធនាគារយល់ថាសមគួរ។ ការប្រាក់នឹងមិនផ្តល់ជូនចំពោះសមតុល្យក្នុងគណនីដែលបិទនោះទេ។
នៅពេលគណនីបានបិទដោយសារហេតុផលណាមួយ រាល់ប័ណ្ណផ្សេងៗត្រូវតែក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។ អតិថិជនត្រូវផ្តល់ជូនប័ណ្ណទាំងនោះដល់ធនាគារវិញយ៉ាងឆាប់រហ័ស ហើយមិនត្រូវបន្តធ្វើប្រតិបត្តិការតាមរយ:គណនីដោយមធ្យោបាយណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយកាតព្វកិច្ច របស់អតិថិជនក្រោមលក្ខខណ្ឌនេះ នឹងបន្តហើយរាល់សមតុល្យដែលជំពាក់ (ដែលរួមទាំងថ្លៃសេវាធនាគារ និង បំណុល ដែលអតិថិជនបានធ្វើឱ្យកើតមានតែមិនទាន់បានកាត់ចេញពីគណនី) រួមទាំងការប្រាក់ក្នុងគណនីនោះ និងត្រូវទូទាត់ភ្លាមៗ ប្រសិនបើគណនីត្រូវបានបិទដោយធនាគារ ហើយប្រសិនបើអតិថិជននៅជំពាក់ធនាគារក្នុងទឹកប្រាក់ណាមួយនោះ លក្ខខណ្ឌទាំងនេះនឹងបន្តអនុវត្តរហូតដល់ធនាគារទទួលបានចំនួនទឹកប្រាក់ទាំងអស់ដោយការទូទាត់សងឱ្យធនាគារ។
នៅពេលគណនីត្រូវបានបិទដោយសារមូលហេតុណាមួយ រាល់សេវាកម្មអេឡិចត្រូនិចទាំងអស់ដែលពាក់ព័ន្ធនឹងគណនីនោះនិងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិផងដែរ។ សេវាកម្មអេឡិចត្រូនិច រួមមានធនាគារចល័តតាមទូរស័ព្ទ ធនាគារតាមបណ្តាញអ៊ីនធើណែត អេធីអឹម ម៉ាស៊ីនទទួលប្រាក់ ព្រមសេវាកម្មផ្សេងៗទៀត ដែលផ្ដល់ជូនតាមរយ:អេឡិចត្រូនិចទាំងក្នុងនិងក្រៅប្រទេស។
ក្នុងករណីមរណភាពរបស់ម្ចាស់គណនី ឬ ម្ចាស់គណនីណាមួយ ក្នុងករណីគណនីរួម (ដោយមិនគិតពីរបៀបនៃប្រតិបត្តិការដែលបានជ្រើសរើសរួច) ធនាគារផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន អាចធ្វើការបង្កកប្រតិបត្តិការគណនី មតកជន ឬ គណនីរួមនោះ រហូតដល់មានសេចក្តីសម្រេច/សាលក្រមស្ថាពរចេញពីតុលាការមានសមត្ថកិច្ច ឬ បណ្តាំមរតកត្រឹមត្រូវតាមទម្រង់ច្បាប់ និង/ឬ ឯកសារគតិយុត្តណាមួយដែលតម្រូវដោយធនាគារ ពាក់ព័ន្ធនឹងការចាត់ចែងគណនីនោះ។ ធនាគាររក្សាសិទ្ធិក្នុងការអនុវត្តតាមការតម្រូវតាមបទប្បញ្ញតិ្តពាក់ព័ន្ធនានាក្នុងការបញ្ចេញទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់មតកជនទៅឲ្យសន្តតិជនស្របច្បាប់។
រាល់ការកែប្រែទាំងអស់នឹងមានប្រសិទ្ធភាពអនុវត្ត និងចងភ្ជាប់កាតព្វកិច្ចដល់អតិថិជនចាប់ពីថ្ងៃមានប្រសិទ្ធភាពដែលកំណត់នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារ។ ការផ្ដល់ដំណឹងជាមុនអាចនឹងផ្ដល់ជូនដល់អតិថិជនដោយការដាក់បង្ហាញនៃការកែប្រែ ឬការធ្វើការកែប្រែលើលក្ខខណ្ឌទូទៅនៅតាមបញ្ជរសាខា ធនាគារ ឬតាមរយ:ការផ្សព្វផ្សាយជាសាធារណ:។ ការផ្សព្វផ្សាយទាំងនោះនឹងត្រូវចាត់ទុកថាអតិថិជនបានទទួលការជូនដំណឹងជាមុននៃការកែប្រែលក្ខខណ្ឌទូទៅទាំងនោះ។
ក្នុងករណីអតិថិជនមិនយល់ព្រមទទួលយកការកែប្រែថ្មីនោះ អតិថិជនអាចផ្អាកប្រតិបត្តិការ និងបិទគណនីជាមួយ ធនាគារ។ ប្រសិនបើអតិថិជនបន្តធ្វើប្រតិបត្តិការគណនីបន្ទាប់ពីការជូនដំណឹង មានន័យថាអតិថិជនទទួលបាន និងយល់ព្រមតាមការកែប្រែលក្ខខណ្ឌរបស់ធនាគារ។
ក្នុងករណី មានភាពមិនស្របគ្នារវាងភាសាអង់គ្លេសនិងភាសាខ្មែរ ក្នុងលក្ខខណ្ឌនេះ ភាសាខ្មែរត្រូវមានអាទិភាពជាងភាសាអង់គ្លេស។
ការខកខាន ឬការពន្យាពេល ក្នុងការប្រើប្រាស់ សិទ្ធិ អំណាច ឬការកែប្រែក្នុងលក្ខខណ្ឌទាំងនេះពីភាគីខាងធនាគារ ត្រូវបានចាត់ទុកថាជាការលះបង់សិទ្ធិមួយផ្នែក ឬផ្នែកណាមួយនៃសិទ្ធិ ឬសំណងណាមួយរារាំងការអនុវត្តន៍ណាមួយបន្ថែមទៀត ឬផ្សេងទៀតឡើយ។ សិទ្ធិនិង ចំណាត់ការ របស់ធនាគារចំពោះលក្ខខណ្ខទាំងនេះមិនមែនជាការបន្ថែម ហើយក៏មិនមែនជាការបំពេញសិទ្ធិ និងចំណាត់ការដែលចែងដោយច្បាប់ឡើយ។
លក្ខខណ្ខនេះនឹងត្រូវបកស្រាយនិងគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងអស់ត្រូវតែយល់ព្រមតាមយុត្តាធិការមិនផ្តាច់មុខរបស់តុលាការកម្ពុជា។
ខ្ញុំ/យើងខ្ញុំទទួលស្គាល់ថាខ្ញុំ/យើងខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ខដែលមានចែងគ្រប់ទំព័រនីមួយៗ។



