
ធនាគារ ប្រ៊ីដ និង Little Caesars រួមគ្នាចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ
ខែកញ្ញា 9, 2026
ដោយឈរលើស្មារតីនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអប់រំសម្រាប់កុមារ ធនាគារ ប្រ៊ីដ (BRIDGE Bank) ថ្មីៗនេះ បានសហការជាមួយហាងភីហ្សា Little Caesars បានរៀបចំសកម្មភាពសប្បុរសធម៌នៅ មជ្ឈមណ្ឌល ALOHA Learning Center ដោយនាំយកអំណោយ និងសម្ភារៈចាំបាច់មួយចំនួនទៅចែកជូនដល់កុមារ នៅអង្គការ បណ្តុះបណ្តាលនៃក្តីស្រឡាញ់។

ក្នុងសកម្មភាពសប្បុរសធម៌នេះនេះ ធនាគារ ប្រ៊ីដ និង Little Caesars បានរួមគ្នានាំយកមកនូវ ភីហ្សា ភ្លើងសូឡា សៀវភៅ សម្ភារៈសិក្សា និងការដាំដើមឈើ ដើម្បីចែកជូនដល់កុមារ ព្រមទាំងរួមចំណែកបង្កើតបរិយាកាសសិក្សាដែលកាន់តែមានភាពកក់ក្តៅ និងលើកទឹកចិត្តឱ្យកុមារស្រឡាញ់ការរៀនសូត្រ និងបរិស្ថាន។
សកម្មភាពនេះ មិនត្រឹមតែជាការចែករំលែកអំណោយសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែក ក្តីស្រឡាញ់ ក្តីសង្ឃឹម និងឱកាស ដល់កុមារ ដើម្បីឱ្យពួកគេទទួលបានការលើកទឹកចិត្តក្នុងការសិក្សា និងបន្តសុបិនសម្រាប់អនាគតរបស់ខ្លួន។

លោក Richard Liew នាយកប្រតិបត្តិ ធនាគារ ប្រ៊ីដ បានមានប្រសាសន៍ថា៖
“ការចូលរួមក្នុងទំនួលខុសត្រូវសង្គម (CSR) ពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នា។ យើងជឿជាក់ថា ការចូលរួមចំណែកតូចៗរបស់យើងនៅថ្ងៃនេះ អាចក្លាយជាផ្នែកមួយនៃការកសាងសង្គមឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងនៅថ្ងៃអនាគត ជាពិសេសតាមរយៈការផ្តល់ឱកាស និងការលើកទឹកចិត្តដល់កុមារ ដែលជាធនធានមនុស្សជំនាន់ក្រោយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។”

លោក Richard Liew បានបន្ថែមទៀតថា “ធនាគារ ប្រ៊ីដ មិនត្រឹមតែជាដៃគូហិរញ្ញវត្ថុរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏យកចិត្តទុកដាក់ចំពោះការរីកចម្រើនរបស់សង្គម និងការអភិវឌ្ឍធនធានមនុស្សផងដែរ។ យើងនឹងបន្តចូលរួម និងសហការជាមួយដៃគូនានា ដើម្បីបង្កើតផលវិជ្ជមានជូនដល់សហគមន៍ និងសង្គមកម្ពុជារបស់យើង”។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលធនាគារ ប្រ៊ីដ បានចូលរួមនៅក្នុងការងារសង្គម កន្លងមក ធនាគារពាណិជ្ជក្នុងស្រុកមួយនេះ ក៏បានចូលរួមនៅក្នុងសកម្មភាពជាច្រើនទៀតក្នុងការជួយលើកកម្ពស់ដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើម។
Designed by TWD











